កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២ គ្រាប់បន្ថែមទៀត ចេញពីឆ្នេរខាងកើតរបស់ខ្លួន ដែលវាគឺជាការបាញ់បង្ហោះលើកទី៦ក្នុងឆ្នាំនេះ
- BY
- autoadmin
- January 27, 2022
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដែលគេជឿថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់សមុទ្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានធ្វើសេចក្តីប្រកាសភ្លាមៗក្រោយម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ហើយខ្លួនក៏កំពុងធ្វើការជាមួយកងកម្លាំងអាមេរិក ដើម្បីប្រមូល និងវិភាគព័ត៌មានអំពីការបាញ់បង្ហោះនោះ។ ជម្រាបផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលម្ដងហើយម្ដងទៀតនៅឆ្នាំនេះ ដោយបានបាញ់មីស៊ីល ២ គ្រាប់ នៅថ្ងៃទី០៥ និង ១១ ខែមករា ហើយក៏បានប្រកាសនៅថ្ងៃបន្ទាប់ថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic ។

កូរ៉េខាងជើងបានបាញ់បង្ហោះមីស៉ីលនៅថ្ងៃទី១៤ និង ១៧ ខែមករា ហើយក៏បានបាញ់មីស៊ីលចេញពីនាវាចំនួន ២ គ្រាប់ កាលពីថ្ងៃអង្គារផងដែរ ខណៈការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ គឺជាការបាញ់លើកទី៦ ក្នុងឆ្នាំនេះ ដែលគូសបញ្ជាក់អំពីចេតនារបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួន។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កូរ៉េខាងជើងកំពុងផ្ញើការព្រមានដល់សហរដ្ឋអាមេរិក ដែលបានបង្ហាញទណ្ឌកម្មថ្មីជុំវិញការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍មួយ ជំរុញឱ្យកូរ៉េខាងជើងគោរពតាមដំណោះស្រាយរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






