ជំងឺកូវីដ១៩ អូមីក្រុងក្លាយពូជទម្រង់ BA.2 និងចំណុចគួរឱ្យស្វែងយល់មួយចំនួនរបស់វា
- BY
- autoadmin
- January 27, 2022
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប្រភេទថ្មី BA.2 កំពុងមានការកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយ WHO កំពុងជំរុញឱ្យអ្នកស្រាវជ្រាវស៊ើបអង្កេតថា តើប្រភេទថ្មីនេះអាចបង្កការគំរាមកំហែងថ្មីចំពោះស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ឬអត់ នេះបើតាមការចុះផ្សាយរបស់ Health ។ ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានគេស្គាល់ថាជា B.1.1.529 (អូមីក្រុងដំបូង) ហើយវាបានបំបែកខ្លួនជា ២ ប្រភេទផ្សេងទៀត គឺ BA.2 និង BA.1 ។ BA.2 ត្រូវបានចាត់ថ្នាក់ជា «វ៉ារ្យ៉ង់នៅក្រោមការស៊ើបអង្កេត» ដោយទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស (UKHSA) នៅថ្ងៃទី២១ ខែមករា «ដោយសារតែការកើនឡើងនៃចំនួនលំដាប់ហ្សែនរបស់ BA.2 ទាំងនៅក្នុងស្រុក និងអន្តរជាតិ»។

យោងទៅតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា BA.2 មានភាពខុសគ្នាមួយចំនួននៅក្នុងការផ្លាស់ប្តូរហ្សែន បើធៀបនឹង BA.1 ដែលជារៀមច្បងរបស់វា។ ភាពខុសគ្នាទាំងនោះ ក៏រួមមានទាំងការកើនឡើងនៃការរីករាលដាលរបស់ BA.2 នៅក្នុងតំបន់មួយចំនួន ដែលនាំឱ្យ WHO ជំរុញអ្នកស្រាវជ្រាវផ្សេងៗទៀត គួរធ្វើការពិនិត្យដោយឯករាជ្យទៅលក្ខណៈរបស់ BA.2 រួមទាំងលទ្ធភាពនៃការគេចចេញពីភាពស៊ាំ និងវិសាលភាពរបស់វា ធៀបទៅនឹង BA.1។ រហូតមកទល់នឹងពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់ពី BA.2 នៅឡើយទេ ហើយគេក៏មិនទាន់អាចប្រៀបធៀបវាទៅនឹងវ៉ារ្យ៉ង់ដើមបានដែរ។
យោងតាមវិទ្យាស្ថាន Statens Serum Institut ដែលជាវិទ្យាស្ថានស្រាវជ្រាវរបស់រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានឱ្យដឹងថា BA.2 មានហ្សែនខុសគ្នាបើប្រៀបធៀបទៅនឹង BA.1 នៅក្នុងតំបន់សំខាន់មួយចំនួន ប៉ុន្តែការផ្លាស់ប្ដូរហ្សែនសំខាន់ៗទាំងនោះមិនទាន់ត្រូវបានគេមើលឃើញជាក់ស្ដែងនៅឡើយទេ។ ទោះយ៉ាងណា SSI និយាយថា៖« ភាពខុសគ្នារវាង BA.1 និង BA.2 គឺធំជាង COVID-19 ប្រភេទដើម SARS-CoV-2 និងវ៉ារ្យ៉ង់អាល់ហ្វា» ហើយភាពខុសគ្នាទាំងនោះអាចមានន័យថា ភាពខុសគ្នានៅក្នុងការចម្លងមេរោគ ប្រសិទ្ធភាពនៃវ៉ាក់សាំង ឬភាពធ្ងន់ធ្ងររបស់វា»។
គួរឱ្យដឹងដែរថា BA.2 មានភាពលេចធ្លោខ្លាំងនៅប្រទេសដាណឺម៉ាក ហើយស្ទើរតែពាក់កណ្ដាលនៃការឆ្លងថ្មីៗនៅក្នុងប្រទេសនេះ គឺជាប្រភេទ BA.2 នេះផ្ទាល់។ ក្រៅពីប្រទេសដាណឺម៉ាក BA.2 បានបង្ហាញខ្លួនក្នុងចំនួនច្រើន នៅប្រទេសឥណ្ឌា ស៊ុយអែត និងសិង្ហបុរីជាដើម។ BA.2 ក៏ត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិកផងដែរ ជាមួយនឹងករណីជាង ១០០ ចេញពីរដ្ឋចំនួន ២០ នៅទូទាំងប្រទេស។ BA.2 ត្រូវបានគេដាក់នាមថាជា «stealth Omicron» ដោយសារហ្សែនរបស់វាមានការលំបាកក្នុងការកំណត់ថាវាជាអូមីក្រុង ពោលគឺសូម្បីតាមរយៈការធ្វើតេស្ដ PCR ដែលជាការធ្វើតេស្ដមានប្រសិទ្ធភាពបំផុតជាមួយ COVID-19 ក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Health
- Share This Post:






