ប្រទេសថៃក្លាយជាប្រទេសដំបូងបំផុតក្នុងអាស៊ី ដែលបានអនុម័តលើការប្រើប្រាស់កញ្ឆាក្នុងវេជ្ជសាស្រ្ដ និងការប្រើប្រាស់តាមផ្ទះមានកម្រិត
- BY
- autoadmin
- January 27, 2022
ប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ បានក្លាយជាប្រទេសដំបូងបំផុតក្នុងទ្វីបអាស៊ី ដែលអនុម័តលើច្បាប់ទទួលស្គាល់ការប្រើប្រាស់កញ្ឆា ដោយមិនជាប់ទោសឧក្រិដ្ឋ (de facto decriminalization of marijuana) ទោះបីជាអាជ្ញាធរថៃនៅមិនទាន់មានភាពច្បាស់លាស់ចំពោះការផ្លាស់ប្ដូរថ្មីនេះក៏ដោយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បានប្រកាសថា ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន បានអនុម័តលើការលុបកញ្ឆាចេញពីបញ្ជីថ្នាំញៀនរបស់ក្រសួង។ ច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ បន្ទាប់ពីការបោះពុម្ពផ្សាយនៅក្នុងសារាចរណ៍របស់រដ្ឋាភិបាល Royal Gazette ។ វាក៏ធ្វើតាមការលុបចេញនូវរាល់កញ្ឆា (មិនថាជាប្រភេទរុក្ខជាតិ និងកញ្ឆាជាកម្មសិទ្ធិ) កាលពីខែមុន ពីបញ្ជីថ្នាំខុសច្បាប់ក្រោមច្បាប់គ្រឿងញៀនរបស់ប្រទេសថៃ។

បើទោះជាច្បាប់នេះនៅតែស្ថិតក្នុងដំណើរការតាក់តែងក៏ដោយ វាហាក់បីដូចជាប្រទេសថៃនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចដាំកញ្ឆា សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (សម្រាប់ប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្ត្រ) ប៉ុន្តែពួកគេត្រូវតែរាយការណ៍ទៅរដ្ឋបាលខេត្តរៀងៗខ្លួន។ ប្រភពបាននិយាយថា រុក្ខជាតិដែលពួកគេអាចដាំដុះសម្រាប់ការប្រើប្រាស់នៅផ្ទះ គឺមិនអាចលើសពី ០.២% នៃសារធាតុសកម្ម THC (tetrahydrocannabinol) នោះទេ។
FDA របស់ប្រទេសថៃក៏បាននិយាយដែរថា ការអនុម័តនេះនឹងមិនមែនធ្វើឱ្យប្រទេសថៃក្លាយជាទៀមលក់កញ្ឆានោះទេ ពោលគឺអ្នកដែលមិនគោរពច្បាប់នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬនឹងត្រូវបង់ប្រាក់ពិន័យចំនួន ៣០,០០០ បាត (៩០០ដុល្លារ)។ ប៉ុន្តែវាជាការផ្លាស់ប្ដូរដ៏អស្ចារ្យមួយ ដោយសារតែអ្នកស្រាវជ្រាវមិនចាំបាច់ឆ្លងកាត់ដំណើរការដ៏តឹងរ៉ឹង ដើម្បីធ្វើការពិសោធន៍លើកញ្ឆា។ នេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការអភិវឌ្ឍវិស័យថែទាំសុខភាព និងផ្នែកវេជ្ជសាស្ត្រ រួមជាមួយនឹងវិស័យបច្ចេកវិទ្យា។ វាក៏នឹងបង្កើតការងារបន្ថែមទៀតដល់ប្រជាជន ហើយកសិករនឹងអាចមានផលដំណាំបន្ថែមទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ ABC news
- Share This Post:






