អន្តរជាតិ

ថៃនឹងចែកជូនស្រោមអនាម័យ និងថ្នាំពន្យារកំណើតដោយឥតគិតថ្លៃដល់ពលរដ្ឋរបស់ខ្លួន ដើម្បីកាត់បន្ថយការមានផ្ទៃពោះក្នុងវ័យជំទង់ និងជំងឺកាមរោគ

BY
autoadmin
January 27, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសថៃនឹងរៀបចំឱ្យមានការចែកចាយស្រោមអនាម័យ ជូនដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ក្នុងម្នាក់ៗចំនួន ១០ ក្នុងមួយសប្តាហ៍ ហើយពលរដ្ឋអាចជ្រើសរើសទំហំបានតាមចិត្ត ដោយនឹងចាប់ផ្តើមពីខែមេសាខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមនារីៗក៏នឹងទទួលបានថ្នាំពន្យារកំណើតដោយឥតគិតថ្លៃផងដែរ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកុម្ភៈ ដោយសង្ឃឹមថា វានឹងជំរុញឱ្យមានការកាត់បន្ថយការមានផ្ទៃពោះក្នុងវ័យជំទង់ និងជំងឺកាមរោគជាដើម។

លោកវេជ្ជបណ្ឌិត Chakkrit Ngowsiri អគ្គលេខាធិការរងនៃការិយាល័យសន្តិសុខជាតិ (NHSO) បានលើកឡើងអំពីអត្ថប្រយោជន៍ថ្នាំគ្រាប់ពន្យារកំណើត និងស្រោមអនាម័យ ដោយបាននិយាយថា ការប្រើប្រាស់របស់ទាំង ២ គឺជាសិទ្ធិរបស់ពលរដ្ឋ ដើម្បីការលើកកម្ពស់សុខភាព និងការការពារជំងឺផ្សេងៗ ជាពិសេសគឺការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់បាន ក្នុងចំណោមមនុស្ស​ជំទង់​ និងបង្កើនសុវត្ថិភាពពីជំងឺកាមរោគ។  ពលរដ្ឋអាចស្វែងរកការចែកជូនទាំងនោះបានពីអង្គភាពសេវាកម្ម នៅតាមមន្ទីរពេទ្យឯកជន គ្លីនិក និងកន្លែងថែទាំសុខភាព ដែលការិយាល័យបានកំណត់។

ថ្នាំពន្យារកំណើតនឹងត្រូវផ្ដល់ជូនស្ត្រី ឬនារី ដែលមានអាយុពី ១៥ ទៅ ៥៩ឆ្នាំ ហើយក្នុងម្នាក់ៗទទួលបាន ៣ បន្ទះ និងមិនអាចលើសពី ១៣ បន្ទះ ក្នុងមួយឆ្នាំនោះទេ។ ស្រោមអនាម័យ នឹងត្រូវផ្ដល់ជូនពលរដ្ឋថៃទាំងអស់ ដែលមានអាយុចាប់ពី ១៥ឆ្នាំ ឡើងទៅ ហើយក្នុងម្នាក់ៗពួកគេអាចទទួលបាន ១០ ក្នុងមួយសប្ដាហ៍ ឬអាចទៅបើកសរុបទាំង ១០ ក្នុងមួយលើកក៏បាន។ មធ្យោបាយដែលអាចឱ្យពួកគេទទួលបានរបស់ទាំង ២ គឺដោយការស្នើតាម App «เป๋าตัง» របស់ NHSO ហើយទៅទទួលយកតាមពេលកំណត់ ឬកាន់អត្តសញ្ញាណប័ណ្ណ ទៅបើកនៅតាមបញ្ជរអង្គភាពសេវាកម្មដោយផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ Khaosod

Share This Post: