ប្រទេសអង់គ្លេសបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន បន្ទាប់ពីបានមើលឃើញពីការចុះថយនៃករណីជំងឺកូវីដ១៩ថ្មីៗ
- BY
- autoadmin
- January 28, 2022
អាជ្ញាធរក្នុងប្រទេសអង់គ្លេសធ្លាប់បានដាក់ចេញនូវការរឹតបន្តឹងជាច្រើន ដើម្បីព្យាយាមកំណត់ការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ពួកគេបានសម្រេចដកវិធានការទាំងនោះចេញវិញហើយ ដោយសារតែស្ថានភាពនៃជំងឺ COVID-19 មានភាពប្រសើរឡើង នេះបើតាមការចូហផ្សាយរបស់សារព័ត៌មាន NHK ។ ជាក់ស្ដែងអង់គ្លេសបានរាយការណ៍ពីការឆ្លងជាង ២០០,០០០ នាក់ ក្នុងមួយថ្ងៃ នៅដើមឆ្នាំនេះ ប៉ុន្តែករណីបានធ្លាក់ចុះមកត្រឹមពាក់កណ្តាលប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

ដូច្នេះពលរដ្ឋនឹងលែងតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈ ឬបង្ហាញលិខិតឆ្លងដែន COVID ដើម្បីចូលទៅកន្លែងធំៗទៀតហើយ ប៉ុន្តែម៉ាស់នៅតែជាកាតព្វកិច្ច សម្រាប់ស្ថានីយ៍ក្រោមដីទីក្រុងឡុងដ៍ និងនៅលើឡានក្រុង ខណៈអ្នកលក់រាយមួយចំនួន នៅតែស្នើសុំឱ្យអតិថិជនពាក់ម៉ាស់របស់ពួកគេ។ នាយករដ្ឋមន្ត្រី Boris Johnson ក៏គ្រោងនឹងដកការរឹតបន្តឹងបន្ថែមទៀត រួមទាំងការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានផងដែរ។ គួរឱ្យដឹងដែរថា នៅទូទាំងចក្រភពអង់គ្លេសបានរាយការណ៍ពីការស្លាប់សរុបជាង ១៥០,០០០ នាក់ ដោយសារជំងឺ COVID-19 ប៉ុន្តែការចូលមន្ទីរពេទ្យមានស្ថេរភាព៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






