អន្តរជាតិ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern តេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩ ប៉ុន្តែនឹងបន្ដនៅដាច់ដោយឡែកពីគេ បន្ទាប់ពីគាត់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩

BY
autoadmin
January 31, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានទទួលលទ្ធផល «អវិជ្ជមាន» សម្រាប់ការតេស្តរកជំងឺ COVID-19 របស់លោកស្រី នៅថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នេះផ្ទាល់ ប៉ុន្តែលោកស្រីនឹងនៅដាច់ដោយឡែកពីគេ រហូតដល់ចុងថ្ងៃអង្គារ តាមការណែនាំអំពីសុខភាព។ លោកស្រី Ardern បានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឆ្លងនៅលើជើងហោះហើរទៅកាន់ទីក្រុង Auckland ពីទីក្រុង Kerikeri ។

អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖«​លោកស្រីនាយក​រដ្ឋមន្ត្រី​បាន​តេស្ត​អវិជ្ជមានជាមួយនឹងជំងឺ​ COVID-19 ។ ហើយដោយស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល លោកស្រី​ត្រូវ​បន្ត​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រហូត​ដល់​ចុង​ថ្ងៃ​អង្គារ ទី០១ ខែ​កុម្ភៈ ឬ​តាម​ការណែនាំ​ផ្សេង​ពី​ខាង​សុខភាព​សាធារណៈ»។ អគ្គទេសាភិបាល និងបុគ្គលិកផ្សេងទៀត របស់លោកស្រី Ardern ដែលជិះលើយន្តហោះនោះ ក៏ស្ថិតក្នុងការដាក់ឱ្យនៅដាច់ដោយឡែកផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: