លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមនឹងការចោទប្រកាន់ថ្មីៗទាក់ទងនឹងអំពើពុករលួយ ដែលអាចនាំឱ្យមានការជាប់ទោសច្រើនជាង ១៥០ ឆ្នាំបន្ថែមទៀត
- BY
- autoadmin
- February 4, 2022
រដ្ឋាភិបាលរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ការចោទប្រកាន់អំពើពុករលួយថ្មីៗប្រមាណជា ១១ ករណី ប្រឆាំងនឹងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ខណៈដែលសព្វថ្ងៃ លោកស្រីកំពុងជាប់ឃុំខ្លួននៅក្នុងផ្ទះនៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការចោទប្រកាន់ទាំងនោះរួមបញ្ចូលទាំងការទទួលបានសាច់ប្រាក់ចំនួន ៥៥០,០០០ ដុល្លារ ដែលជាអំណោយសម្រាប់មូលនិធិសប្បុរសធម៌មួយ ពីអតីតនាយករដ្ឋមន្រ្ដីក្នុងតំបន់យ៉ាំងហ្គោន នេះបើតាមការដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមព័ត៌មានរបស់រដ្ឋាភិបាល។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបយ៉ាងបង្ហូរឈាម ដែលបានសម្លាប់ជនស៊ីវិលជាង ១,៥០០ នាក់។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ រួចមកហើយ ពីបទញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់ជំងឺ COVID-19 និងបំពានច្បាប់ទូរគមនាគមន៍ ទោះបីជាលោកស្រីនឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះក៏ដោយ ខណៈកំពុងប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត។ គួរឱ្យដឹងដែរថា ការចោទប្រកាន់ពីបទពុករលួយនីមួយៗ អាចនាំឱ្យមានការដាក់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ នៅក្នុង ១ ករណី៕

- Share This Post:






