អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថថៃ យល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac និង Sinopharm ចំពោះកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ

BY
autoadmin
February 5, 2022

រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac និង Sinopharm ចំពោះកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ដោយមិនមានការកែសម្រួលកម្រិតថ្នាំនោះទេ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការ FDA បានឱ្យដឹងថា៖ «កាលពីមុនវ៉ាក់សាំងទាំង ២ ត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ចំពោះមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងកម្រិត 0.5cc ក្នុងម្នាក់ៗ។ ឥឡូវនេះ កុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ក៏អាចទទួលបានពួកគេក្នុងបរិមាណដូចគ្នាដែរ»។ វ៉ាក់សាំង Sinovac នឹងត្រូវបាននាំចូលដោយអង្គការឱសថរដ្ឋាភិបាល (GPO) ខណៈដែល Sinopharm នាំចូលដោយ Biogenetech Ltd ។

លោកវេជ្ជបណ្ឌិត Paisan បាននិយាយថា៖«ក្រុមហ៊ុនទាំង ២ បានដាក់ឯកសារទៅ FDA ដើម្បីសុំឱ្យវ៉ាក់សាំងទាំង ២ អាចប្រើបាននៅក្នុងក្រុមមនុស្សអាយុពី ៣ ទៅ ១៧ឆ្នាំ។ គណៈកម្មាធិការរបស់ FDA ​​បានពិចារណាលើទិន្នន័យបច្ចុប្បន្ន ហើយបានយល់ព្រមថា វ៉ាក់សាំងនេះអាចត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពចំពោះកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ»។ លោកបន្ដថា៖« ព័ត៌មានបន្ថែមទៀតគឺចាំបាច់ មុនពេលគណៈកម្មាធិការអាចអនុម័តការប្រើប្រាស់វ៉ាក់សាំងទាំង ២ ចំពោះកុមារដែលមានអាយុពី ៣ ទៅ ៥ឆ្នាំ ហើយ FDA បានជូនដំណឹងដល់ក្រុមហ៊ុននាំចូលទាំង ២ ឱ្យដាក់ឯកសារចាំបាច់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ជម្រាបដែរថា ពីមុនមក FDA ​​របស់ប្រទេសថៃ បានអនុម័តតែវ៉ាក់សាំង mRNA របស់ Pfizer ដែលមានដបពណ៌ទឹកក្រូច សម្រាប់កុមារដែលមានអាយុលើសពី ៥ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: