របាយការណ៍សម្ងាត់របស់ UN បង្ហាញថា កូរ៉េខាងជើងបានលួចរូបិយប័ណ្ណគ្រីបតូរាប់សិបលានដុល្លារ សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន
- BY
- autoadmin
- February 7, 2022
យោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមវាយប្រហារតាមអ៉ីនធឺណេតរបស់កូរ៉េខាងជើង (Hackers) បានលួចលុយរាប់សិបលានដុល្លារពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូ ក៏ដូចជាកម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ របាយការណ៍របស់ UN បាននិយាយថា៖«កូរ៉េខាងជើងបានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងផ្សេងៗ សម្រាប់កម្មវិធីទាំងនេះពីបរទេស រួមទាំងតាមរយៈមធ្យោបាយអ៉ីនធឺណេត និងការស្រាវជ្រាវវិទ្យាសាស្ត្រ»។ របាយការណ៍បានបន្ដថា៖«នៅឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានបន្តការថែទាំ និងការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅចំពេលមានការចោទប្រកាន់ថា ខ្លួនបានបង្ហាញពីសមត្ថភាពខ្លាំងជាងមុន ក្នុងការដាក់ពង្រាយយ៉ាងឆាប់រហ័ស»។
![]()
របាយការណ៍សម្ងាត់បានអះអាងថា៖«ការវាយប្រហារតាមអ៉ីនធឺណេត ជាពិសេសលើរូបិយប័ណ្ណគ្រីបតូអន្តរជាតិ នៅតែជាប្រភពចំណូលដ៏សំខាន់មួយ»។ ដោយបន្ថែមថា រូបិយប័ណ្ណគ្រីបតូតម្លៃជាង ៥០ លានដុល្លារ ត្រូវបានលួចកាលពីឆ្នាំមុន ចេញពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូអន្តរជាតិចំនួន ៣ នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏ទទួលបាននូវទ្រព្យសម្បត្តិឌីជីថល ដែលមានតម្លៃ ៤០០លានដុល្លារ តាមរយៈការវាយប្រហារតាមអ៉ីធឺណេតបន្ថែមទៀត នេះបើយោងតាម Chainalysis ដូចដែលបានលើកឡើងនៅក្នុងឯកសារសម្ងាត់។
គួរឱ្យដឹងដែរថា មិនទាន់អាវុធនុយក្លេអ៊ែរណាត្រូវបានសាកល្បងនៅក្នុងប្រទេសកូរ៉េខាងជើង ហើយក៏គ្មានមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយណាមួយ ត្រូវបានបាញ់បង្ហោះនោះដែរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែការសាកល្បងមីស៊ីលរយៈចម្ងាយខ្លី និង ចម្ងាយមធ្យម កំពុងត្រូវបានបាញ់បង្ហោះដោយប្រទេសកូរ៉េខាងជើង នៅក្នុងរយៈពេលថ្មីៗចុងក្រោយនេះ ខណៈ UN ក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ព្រោះថាវា ជាសកម្មភាពរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






