ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយផ្សេងទៀត ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍
- BY
- autoadmin
- February 7, 2022
អាជ្ញាធរនៅទីក្រុង Baise (ប៉ៃសឹ) ភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនត្រូវស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងសហគមន៍។ ទីក្រុងដែលមានពលរដ្ឋប្រហែល ៣.៦ លាននាក់ និងជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ នឹងត្រូវដាក់ការរឹតត្បឹតមួយចំនួន រួមទាំងការហាមឃាត់ការធ្វើដំណើរទាំងចេញនិងចូល និងអនុវត្តតាមគោលការណ៍ណែនាំជាតិ ដើម្បីទប់ស្កាត់ការផ្ទុះឡើងយ៉ាងឆាប់រហ័សដែលអាចកើតមាន។ ពោលគឺប្រទេសចិនបានដាក់ការរឹតត្បឹតយ៉ាងតឹងរ៉ឹងជាបន្ដបន្ទាប់ នៅចំពេលដែលប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ហើយបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ក៏ទើបតែបញ្ចប់ទៅថ្មីៗនេះផងដែរ។

គួរឱ្យដឹងដែរថា ក្រុង Baise នៅក្នុងតំបន់ Guangxi បានរាយការណ៍ពីការឆ្លងក្នុងស្រុកចំនួន ៣៧ ករណី (ចេញរោគសញ្ញា) កាលពីថ្ងៃអាទិត្យ នេះបើតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងបាននិយាយថា ពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរដើម្បីទិញសម្ភារៈសំខាន់ៗ ឬការទៅធ្វើតេស្តរកជំងឺ COVID-19 ហើយគួរតែជ្រើសរើសការដឹកជញ្ជូន ជាជាងការទៅទិញក្នុងហាងដោយផ្ទាល់។ ទីក្រុងនេះក៏បានផ្អាកអាជីវកម្មដែលមិនសំខាន់ ការដឹកជញ្ជូនសាធារណៈ សាលារៀន និងការពន្យារពេលការបើកច្រកចូលតាមព្រំដែនអន្តរជាតិ។ ចំណែកបុគ្គលិកសំខាន់ៗ នឹងត្រូវការសំបុត្រពិសេស ដើម្បីអាចធ្វើការបាននៅក្នុងក្រុង។ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ប្រទេសចិនដីគោកមានករណីសរុបចំនួន ១០៦,៤១៩ ករណី (រាប់តែអ្នកចេញរោគសញ្ញា) ចាប់តាំងពីការផ្ទុះឡើងជាលើកដំបូងនៅចុងឆ្នាំ២០១៩ ខណៈការស្លាប់សរុបមាន ៤,៦៣៦ ករណី ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






