ព្យុះស៊ីក្លូន Batsirai បានវាយប្រហារប្រទេសម៉ាដាហ្គាស្ការ និងឆក់យកជីវិតពលរដ្ឋយ៉ាងហោចណាស់ ១០ នាក់
- BY
- autoadmin
- February 7, 2022
ព្យុះស៊ីក្លូនមួយបានវាយប្រហារប្រទេសម៉ាដាហ្គាស្ការ និងបណ្តាលឱ្យមនុស្សយ៉ាងតិច ១០ នាក់ បានស្លាប់ ខណៈជិត ៥០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ព្យុះស៊ីក្លូន Batsirai បានបោកបក់លើដែនកោះ ដែលស្ថិតនៅអាហ្រ្វិកភាគអាគ្នេយ៍មួយនេះ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានកកើតនៅមហាសមុទ្រឥណ្ឌា ហើយវាគឺជាព្យុះដ៏ធំទី ២ ដែលបានវាយប្រហារមកលើប្រទេសម៉ាដាហ្គាស្ការ នៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ។ ព្យុះស៊ីក្លូន Batsirai បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចទន្លេ ហើយដំបូលផ្ទះរបស់ពលរដ្ឋត្រូវបានបំផ្លាញ។

ប្រភពបាននិយាយថា រចនាសម្ព័ន្ធនៅក្រុង Nosy Varika ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងកើត ត្រូវបានបំផ្លាញអស់ ៩៥% ពោលគឺស្ទើរតែទាំងស្រុងទៅហើយ។ ពលរដ្ឋសរុបចំនួន ៤៧,៨០០ នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈដែលប្រទេសម៉ាដាហ្គាស្ការផ្ទាល់ ទើបតែរួចពីព្យុះស៊ីក្លូន Ana ដែលបានសម្លាប់មនុស្សអស់ ៥៥នាក់ និងបានប៉ះពាល់ដល់មនុស្ស ១០០,០០០ នាក់ កាលពីថ្ងៃទី២២ ខែមករា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថា ការវាយលុកម្តងហើយម្តងទៀតនៃព្យុះស៊ីក្លូន ក្នុងអំឡុងពេលរដូវប្រមូលផល បានធ្វើឱ្យតម្លៃស្បៀងកើនឡើង ដូច្នេះហើយក្រុមមន្ត្រីកំពុងអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យផ្តល់ស្បៀងអាហារ និងជំនួយផ្សេងៗយ៉ាងឆាប់រហ័សដល់ប្រទេសម៉ាដាហ្គាស្ការ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






