ស្ត្រីចំណាស់ស្ទុះវាយតៃកុងឡានក្រុងធ្វើឲ្យរេចង្កូតធ្លាក់ចូលទន្លេស្លាប់ស្ទើរមួយឡាន (មានវីដេអូ)
ប្រទេសចិន៖ ករណីវាយប្រតាយប្រតប់រវាងអ្នកបើកបរជាមួយនិងអ្នកដំណើរមួយ បានបណ្តាលឱ្យរថយន្តក្រុងធ្លាក់ចូលទៅក្នុងទន្លេទន្លេយ៉ាងស្សេ ក្នុងខេត្តឆុងឈីង យ៉ាងគួរឱ្យរន្ធត់កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និង ២នាក់ផ្សេងទៀតបាត់ខ្លួន។ យោងតាមកាម៉េរាក្នុងឡានក្រុង និងភស្តុតាងផ្សេងទៀតបានឱ្យដឹងថា អ្នកដំណើរស្ត្រីម្នាក់ឈ្មោះ លីវ អាយុ ៤៨ឆ្នាំ បានប្រាប់ឱ្យអ្នកបើកបរឈ្មោះ រ៉ាន អាយុ ៤៣ឆ្នាំ បញ្ឈប់ឡានក្រុងភ្លាមៗ ដោយសារតែគាត់បានហួសចំណតរបស់គាត់។
បន្ទាប់ពីអ្នកបើកបរបានបដិសេធមិនព្រមឈប់ អ្នកដំណើរម្នាក់នោះក៏បានវាយក្បាលអ្នកបើកបរជាមួយទូរស័ព្ទដៃរបស់គាត់។ ក្នុងអំឡុងពេលនៃការប្រយុទ្ធនោះលោករ៉ាន់បានបាត់បង់ការគ្រប់គ្រង ហើយរថយន្តក៏បានបុករនាំងស្ពាន និងបានធ្លាក់ចូលទៅក្នុងទន្លេតែម្តង ដោយមានអ្នកដំណើរប្រមាណ ១៥នាក់នៅលើឡានក្រុង។ រថយន្ដក្រុងនេះត្រូវបានគេលើកចេញពីទឹកហើយដែរកាលពីយប់ថ្ងៃពុធ។ យ៉ាងណាមិញមេធាវីលោក Zhao Hu បាននិយាយថាគ្រួសារជនរងគ្រោះនៅលើឡានក្រុងទាំងអស់គឺមានសិទិ្ធទាមទារសំណងពីគ្រួសាររបស់អ្នកបើកបររថយន្ដ និងស្ត្រីដែលជាអ្នកដំណើរដៃដល់នោះ៕



អត្ថបទ៖ លីដា
ប្រភព៖ chinadaily