រដ្ឋាភិបាលម៉ាឡេស៊ីសុខចិត្តជះលុយ៥០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបញ្ចុះតម្លៃប្រេងសាំងក្នុងប្រទេសខ្លួន
រដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ តទៅ រដ្ឋាភិបាលនឹងមានប្រាក់ឧបត្ថម្ភធន ដើម្បីជួយបញ្ចុះតម្លៃប្រេងសាំងសម្រាប់យានយន្តមួយចំនួន។ បើយោងតាមលោក Lim Guan Eng រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានបញ្ជាក់ថា ការប្រើប្រាស់ថវិកាជាតិមកបញ្ចុះតម្លៃប្រេងសាំងនេះគឺត្រូវគោរពតាមលក្ខណៈមួយចំនួនដូចជា៖
+ អនុវត្តចំពោះតែរថយន្តឯកជន ដែលមានកម្លាំងម៉ាស៊ីនក្រោម ១៥០០ CC
+ ម៉ូតូដែលមានកម្លាំងម៉ាស៊ីនក្រោម ១២៥ CC
+ ម៉ូតូមួយគ្រឿងអាចចាក់សាំង ដែលគេបញ្ចុះតម្លៃនេះបាន ៤០ លីត្រក្នុងមួយខែ (បើប្រើលើសពីនេះគឺគិតថ្លៃធម្មតា)
+ រថយន្តមួយគ្រឿងអាចចាក់សាំង ដែលគេបញ្ចុះតម្លៃនេះបាន ១០០ លីត្រក្នុងមួយខែ (បើប្រើលើសពីនេះគឺគិតថ្លៃធម្មតា)
+ តម្លៃដែលបញ្ចុះនេះគឺថោកជាងតម្លៃធម្មតា ៣០ សេន (១២០០ រៀល) ក្នុងមួយលីត្រ
បើតាមផែនការរដ្ឋាភិបាលម៉ាឡេស៊ីនឹងត្រូវចំនាយថវិកាប្រមាណជា ៤៨០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការបញ្ចុះតម្លៃប្រេងសាំងនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz