អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា លោកបានរៀបបង្វេចរួចរាល់ហើយ ដើម្បីត្រៀមចាកចេញពីវិមាន Malacanang

BY
autoadmin
February 8, 2022

ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា គាត់បានចាប់ផ្តើមរើបង្វេចរបស់គាត់រួចហើយ ដូច្នេះគាត់អាចចាកចេញពីវិមាន Malacanang ទាន់ពេលវេលា ដោយសារអាណត្តិរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល ៤ ខែទៀត។ លោក Rodrigo Duterte  បាននិយាយថា៖«ខ្ញុំ​បាន​​វេចបង្វេចរបស់​ខ្ញុំ​ហើយ។ ដូច្នេះ​ខ្ញុំ​គួរតែ​ចេញ​នៅ​ខែមីនា​។ ខ្ញុំនឹងមិនរង់ចាំរហូតដល់ខែមេសាទៀតទេ។ ខ្ញុំក៏នឹងមិនដេកនៅទីនេះដែរ”។ គាត់បន្ថែមថា៖«កន្លែង​ណា​ដែល​ព្រះ​អម្ចាស់​នាំ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាប់​ផ្ដើម​ហាត់​ដេក​នៅ​ទី​នោះ។ ខ្ញុំ​នឹង​មក​ទី​នេះ​ [Malacanang] ដើម្បី​ធ្វើ​ការជាធម្មតា ធ្វើអ្វី​ដែល​នៅ​សេស​សល់​ដែល​យើង​ត្រូវ​ធ្វើប៉ុណ្ណោះ»។

លោក Duterte គាត់គ្រោងនឹងទិញខុនដូតូចមួយ ខណៈដែលគាត់គ្មានកន្លែងស្នាក់នៅក្នុងទីក្រុង Manila នោះទេ ហើយបងប្អូនរបស់គាត់សុទ្ធតែរស់នៅសហរដ្ឋអាមេរិក។ លោក Duterte បាននិយាយថា លោកនឹងរង់ចាំដល់ថ្ងៃប្រគល់តំណែង ឬតែងតាំងប្រធានាធិបតីថ្មី ដើម្បីលោកអាចអញ្ជើញប្រធានាធិបតីថ្មី «មកនិយាយ ឬផឹកតែជាមួយគ្នា»។ លោក​បាន​ប្រកាស​ថា លោក​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​អរគុណ​អ្នក​ដែល​បាន​ជ្រើសរើស​លោក​ជា​ប្រធានាធិបតី។ គួរឱ្យដឹងដែរថា លោក Duterte បានកាន់តំណែងជាប្រធានាធិបតីទី ១៦ របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយស្នងតំណែងពីអតីតប្រធានាធិបតី Benigno Aquino III ហើយលោកនឹងបញ្ចប់អាណត្តិ​​ក្នុងរយៈពេលពេញ ៦ ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: