អ្នកវិទ្យាសាស្ត្រចិនបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ថ្មីមួយ ដែលអាចដឹងលទ្ធផលត្រឹមតែ ៤ នាទី ហើយច្បាស់លាស់ដូចការតេស្ដ PCR
- BY
- autoadmin
- February 9, 2022
អ្នកវិទ្យាសាស្ត្រចិនបានបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺ COVID-19 ថ្មីមួយ ដែលអាចដឹងលទ្ធផលក្នុងរយៈពេលតែ ៤ នាទី និងមានភាពត្រឹមត្រូវដូចការធ្វើតេស្ត PCR អីចឹងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថា ប្រសិនបើត្រូវបានអភិវឌ្ឍបន្ថែមទៀត ឧបករណ៍នោះអាចត្រូវបានប្រើសម្រាប់ការធ្វើតេស្តនៅព្រលានយន្តហោះ គ្លីនិក នាយកដ្ឋានសង្គ្រោះបន្ទាន់ និងតាមផ្ទះ។ ពួកគេបាននិយាយថា មិនដូចការធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ polymerase (PCR) ដែលយើងកំពុងប្រើប្រាស់នោះទេ រាល់សំណាកនឹងមិនតម្រូវឱ្យមានការវិភាគមន្ទីរពិសោធន៍ដែលចំណាយពេលច្រើននោះឡើយ។ ឧបករណ៍ថ្មីមួយនោះ គឺត្រូវបានភ្ជាប់ទៅនឹងកុំព្យូទ័រ ឬស្មាតហ្វូន ដើម្បីបង្ហាញលទ្ធផលរបស់វា។

អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Fudan បានប្រមូលសំណាក (តាមច្រមុះ) ពីអ្នកជំងឺចំនួន ៣៣ នាក់ ដែលតេស្ដវិជ្ជមាន COVID-19 ដោយ PCR , អ្នកជំងឺចំនួន ២៣ នាក់ ដែលតេស្ដអវិជ្ជមាន COVID-19 ដោយ PCR , អ្នកជំងឺគ្រុនផ្តាសាយចំនួន ៦ នាក់ និងអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ២៥ នាក់ ។ ឧបករណ៍នោះបានធ្វើការយ៉ាងត្រឹមត្រូវគ្រប់ករណីទាំងអស់ និងប្រើរយៈពេលតិចជាង ៤ នាទី នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយទៅឱ្យអ្នកស្រាវជ្រាវផ្សេងទៀតចូលពិនិត្យ (peer-reviewed) កាលពីថ្ងៃច័ន្ទ នៅក្នុងទស្សនាវដ្តី Nature Biomedical Engineering ។ ឧបករណ៍ធ្វើតេស្តថ្មីនេះ បានប្រើប្រាស់សមាសធាតុមេកានិចតូចៗដែលធ្វើពី DNA រួមផ្សំជាមួយមីក្រូអេឡិចត្រូនិច ដើម្បីរកមើលហ្សែននៅក្នុងសំណាក ហើយបំប្លែងវាទៅជាសញ្ញា។
គួរឱ្យដឹងដែរថា ការធ្វើតេស្ត PCR គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតរហូតមកដល់ពេលនេះ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ COVID-19 នេះបើយោងតាមអង្គការសុខភាពពិភពលោក។ សំណាកត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល ដោយលទ្ធផលជាធម្មតាចំណាយពេលពីមួយទៅច្រើនថ្ងៃ។ ទន្ទឹមនឹងនេះ ការធ្វើតេស្តអង់ទីហ្សែន ឬការធ្វើតេស្តរហ័ស នឹងកំណត់ប្រូតេអ៊ីនជាក់លាក់នៅលើផ្ទៃនៃមេរោគ ហើយតេស្ដខ្លួនឯងបានគ្រប់ទីកន្លែង។ ដោយសារតែសំណាកមិនចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ ពួកវាមានតម្លៃថោក និងងាយស្រួលជាង ហើយលទ្ធផលបង្ហាញក្នុងរយៈពេលដ៏ខ្លីពី ១៥ ទៅ ៣០ នាទី ប៉ុន្តែជាទូទៅពួកគេមានភាពត្រឹមត្រូវតិចជាងការធ្វើតេស្ត PCR ៕

អត្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






