អន្តរជាតិ

កុំចេះតែហ៊ាន! ខឹងគេមិនព្រមជល់កែវជាមួយ បុរសម្នាក់យកស្រាស្រោចលើស្រីស្អាតម្នាក់ ទីបំផុតត្រូវនាងប្រដៅវិញយ៉ាងចាស់ដៃ ព្រោះនាងជាអ្នកប្រដាល់មុយថៃ (មានវីដេអូ)

BY
autoadmin
February 9, 2022

បុរសរស់នៅ​ទីក្រុង​បាងកក​ម្នាក់​បានទទួលរង្វាន់ពិសេសជាទីគាប់ចិត្ត បន្ទាប់ពីគាត់បាន​ចាក់​ស្រាបៀរស្រោចខ្លួនស្រីស្អាតម្នាក់ ដែលជាអ្នកប្រដាល់មួយថៃ (Muay Thai)។ វីដេអូមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា កីឡាការនី Pareploy Saeaia (ប្រ៊េផ្លយ សេយ៉ា) អាយុ ២៤ឆ្នាំ បានទាត់ ដាល់ និងរុញបុរសដែលជាជនបង្ករឿង ខណៈបុរសម្នាក់នោះវិញ មើលទៅហាក់ដូចជាស្រឡាំងកាំង នៅពេលដែលខាងជនរងគ្រោះមានកម្លាំងខ្លាំងជាង។ នៅក្នុងវីដេអូឃ្លីបបង្ហាញថា កីឡាការនី Pareploy ស្ថិតក្នុងស្ថានភាពសើមជោគ ដោយសារបុរសនោះបានចាក់ស្រាបៀរលើនាង នៅពេលដែលនាងបដិសេធមិនព្រមជល់កែវស្រាជាមួយខ្លួន។

កីឡាការនី Pareploy ក៏បានចែករំលែកឃ្លីបនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបានសរសេរថា៖«ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសមិនតដៃវិញ។ ម្នាក់នេះច្រឡំធំហើយ ព្រោះ​ខ្ញុំ​ជា​អ្នក​ប្រដាល់»។

ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ Pareploy កំពុងជួបជុំហូបអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ នៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Huai Kwang (ហួយក្វាង) ក្នុងទីក្រុងបាងកក។ បន្ទាប់មកបុរសបង្កជម្លោះបានចូលទៅជិតនាង ហើយបានសុំឱ្យនាងជល់កែវស្រាជាមួយខ្លួន ប៉ុន្តែនាងបាន​បដិសេធ។ រហូតដល់ ៥នាទី ​ក្រោយ​មក បុរសនោះក៏ត្រឡប់មកជិតនាងម្ដងទៀត ហើយបានចាក់ស្រាស្រោចខ្លួននាងតែម្ដង ដែលធ្វើឱ្យកីឡាការនី Pareploy ទ្រាំមិនបាន ទើបចេញប្រដៅបុរសជាអ្នកបង្ករឿងនោះវិញ។ នៅក្នុងឃ្លីបបង្ហាញថា បុរសនោះមិនបានវាយតបវិញទេ ហើយរូបគេក៏មិនសុំទោសកីឡាការនី Pareploy នោះដែរ។

យ៉ាងណាក៏ដោយអ្នកទាំង ២ ត្រូវបានប៉ុស្តិ៍ប៉ូលីស Huai Kwang កោះហៅមកណែនាំ និងបានសុំទោសគ្នាទៅវិញទៅមក ហើយម្នាក់ៗត្រូវបង់ថ្លៃផាកពិន័យ ១,០០០ បាត។ គួរឱ្យដឹងដែរថា Pareploy ធ្វើការជាគ្រូបង្វឹកប្រដាល់មួយថៃ ដោយខ្លួនចាប់ផ្ដើមប្រដាល់តាំងតែពីក្មេង។ រហូត​មក​ដល់​ពេល​នេះ នាង​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ចំនួន ៥០ ដង ដោយ​ឈ្នះ​ចំនួន ៤០ លើក។ នាង​ក៏​ធ្លាប់​ឈ្នះ​មេដាយ​​ថ្នាក់​ជាតិជាច្រើន ​ចាប់តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ​៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: