អង្គការសុខភាពពិភពលោកទទូចឱ្យប្រទេសអ្នកមាន ចូលរួមចំណែកបង់ជាថវិកាចំនួន ១៦ ពាន់លានដុល្លារ សម្រាប់ផែនការក្នុងការយកឈ្នះលើជំងឺកូវីដ
- BY
- autoadmin
- February 10, 2022
អង្គការសុខភាពពិភពលោក (WHO) បានជំរុញប្រទេសអ្នកមានទាំងឡាយ ឱ្យចូលរួមចំណែកបង់ជាថវិកា ដែលត្រូវការសម្រាប់ផែនការក្នុងការយកឈ្នះលើជំងឺ COVID-19 ដោយទទូចឱ្យមានការបរិច្ចាគជាបន្ទាន់នូវទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លារ។ WHO បាននិយាយថា ការដាក់បញ្ចូលសាច់ប្រាក់យ៉ាងរហ័សទៅក្នុងកម្មវិធី Access to COVID Tools Accelerator របស់ខ្លួន អាចនឹងបញ្ចប់ជំងឺ COVID-19 ដែលជាគ្រាអាសន្នសុខភាពសកលនៅឆ្នាំនេះ។ ACT-A ដែលដឹកនាំដោយ WHO មានគោលបំណងអភិវឌ្ឍ ផលិត ទិញ និងចែកចាយឧបករណ៍ ដើម្បីដោះស្រាយជំងឺរាតត្បាត៖ រួមមានវ៉ាក់សាំង ការធ្វើតេស្ត ការព្យាបាល និងឧបករណ៍ការពារផ្ទាល់ខ្លួន។

Access to COVID Tools Accelerator ឬ ACT-A បានផ្តល់កំណើតដល់គម្រោង COVAX ដែលត្រូវបានរចនាឡើង ដើម្បីធានាថា ប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំងការពារ ដោយទាយទុកយ៉ាងច្បាស់ថា ប្រទេសអ្នកមាននឹងប្រមូលទិញវ៉ាក់សាំងទុកខ្លួនឯង។ ជាក់ស្ដែង គម្រោង COVAX បានផ្តល់វ៉ាក់សាំងរាប់ពាន់លានរបស់ខ្លួន គិតត្រឹមពាក់កណ្តាលខែមករានេះ។ ACT-A ត្រូវការ ២៣.៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីរបស់ខ្លួន សម្រាប់រយៈពេលពីខែតុលា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែខ្លួនប្រមូលបានតែ ៨០០ លានដុល្លារប៉ុណ្ណោះ រហូតមកដល់ពេលនេះ។ ដូច្នេះ គម្រោងនេះចង់ឱ្យមានទឹកប្រាក់ ១៦ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ពីការចូលរួមរបស់ប្រទេសអ្នកមាន «ដើម្បីបិទគម្លាតហិរញ្ញប្បទានជាបន្ទាន់» ហើយប្រទេសដែលមានចំណូលមធ្យម ក៏អាចចូលរួមចូលជាថវិកាសម្រាប់ទឹកប្រាក់ដែលនៅសេសសល់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






