អន្តរជាតិ

Novavax អះអាងថា វ៉ាក់សាំង ២ ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៨០% ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងចំណោមក្មេងអាយុពី១២ ទៅ ១៧ឆ្នាំ

BY
autoadmin
February 11, 2022

ក្រុមហ៊ុន Novavax Inc (NVAX.O) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា វ៉ាក់សាំងបង្ការ២ដូសរបស់ខ្លួន មានប្រសិទ្ធភាព ៨០% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្នុងចំណោមមនុស្សវ័យជំទង់អាយុពី ១២ ទៅ ១៧ឆ្នាំ ចំនួន ២,២៤៧ នាក់ នៅចន្លោះខែឧសភា និងខែកញ្ញាឆ្នាំមុន នៅពេលដែលវ៉ារ្យ៉ង់ ដែលតា មានភាពលេចធ្លោជាងគេសហរដ្ឋអាមេរិក។ ពោលគឺវ៉ាក់សាំងមានប្រសិទ្ធភាព ៨២% ប្រឆាំងនឹងវ៉ារ្យ៉ង់ ដែលតា ហើយក្រុមហ៊ុនបច្ចេកវិទ្យាជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះរំពឹងថា នឹងដាក់ពាក្យស្នើសុំទៅកាន់និយតករទូទាំងពិភពលោក សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការរបស់ខ្លួន ចំពោះមនុស្សវ័យជំទង់ក្នុងអំឡុងត្រីមាសទីមួយនេះ។

Novavax កាលពីចុងខែមុន ក៏បានដាក់ពាក្យសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចំពោះមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ដែលជាការបោះជំហានថ្មីមួយ បន្ទាប់ពីមានការតស៊ូជាច្រើនខែជាមួយនឹងបញ្ហាអភិវឌ្ឍន៍ និងការផលិត។ វ៉ាក់សាំងនេះបានទទួលការអនុញ្ញាតពីសហភាពអ៊ឺរ៉ុប និងអង្គការសុខភាពពិភពលោក ហើយត្រូវបានបើកផ្លូវសម្រាប់ ការប្រើប្រាស់ចំពោះមនុស្សពេញវ័យក្នុងបណ្តាប្រទេសនានា រួមទាំងចក្រភពអង់គ្លេស និងនូវែលសេឡង់។ ចំណែកការសាកល្បងរបស់ក្រុមហ៊ុន ចំពោះមនុស្សពេញវ័យ ដែលបានចូលរួមប្រហែល ៣០,០០០ នាក់ នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩០.៤% ។

Novavax បាននិយាយថា ខ្លួនមិនបានរកឃើញហានិភ័យជំងឺរលាកសាច់ដុំបេះដូង នៅក្នុងទិន្នន័យរបស់ការសាកល្បងលើក្មេងជំទង់នោះទេ ប៉ុន្តែបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងជិតស្និទ្ធលើការរលាកបេះដូង និងផលមិនល្អផ្សេងទៀតដែលអាចកើនមាន នៅពេលដែលក្រុមហ៊ុននឹងចែកចាយវ៉ាក់សាំងកាន់តែទូលំទូលាយជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: