អន្តរជាតិ

ការសិក្សានៅអង់គ្លេសបង្ហាញថា ការពាក់ម៉ាស់ធ្វើឱ្យមើលទៅមានភាពទាក់ទាញជាងមុន ហើយអាចឆាប់ដល់គូទៀតផង

BY
autoadmin
February 11, 2022

ការពិតទៅអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យនេះរួចមកហើយ គ្រាន់តែកន្លងមកវាហាក់ដូចជាការនិយាយលេងសើចធម្មតា ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាមានការសិក្សាជាក់លាក់ថា តើការពាក់ម៉ាស់ពិតជាធ្វើឱ្យយើងមើលទៅគួរឱ្យទាក់ទាញ ឬទេ? ការសិក្សាមួយរបស់សាកលវិទ្យាល័យ Cardiff ដែលបានបង្ហោះលើទិនានុប្បវត្តិ Cognitive Research បានសិក្សាទៅលើចំណុចសំខាន់មួយចំនួនដូចជា៖ គោលការណ៍ ភាពជាប់ទាក់ទង និងប្រភេទម៉ាស់ខុសៗគ្នា ដើម្បីវាស់ស្ទង់ភាពទាក់ទាញលើផ្ទៃមុខរបស់បុរសចំនួន ៤០ ដែលបានចូលរួមនៅក្នុងការសិក្សានេះ។ ពួកគេបានរកឃើញថា ប្រភេទម៉ាស់វេជ្ជសាស្រ្តពណ៌ខៀវ ត្រូវបានគេរកឃើញថា អាចបង្កើនភាពទាក់ទាញលើមុខច្រើនជាងម៉ាស់ផ្សេងទៀត។

វេជ្ជបណ្ឌិត Michael Lewis មកពីសាលាចិត្តវិទ្យានៃសាកលវិទ្យាល័យ Cardiff និងជាអ្នកជំនាញផ្នែកចិត្តវិទ្យាលើទឹកមុខ បាននិយាយថា៖«ការស្រាវជ្រាវដែលបានធ្វើឡើងមុនពេលជំងឺរាតត្បាត បានរកឃើញថា ម៉ាស់វេជ្ជសាស្រ្តកាត់បន្ថយភាពទាក់ទាញ – ដូច្នេះយើងចង់សាកល្បងថា តើវាបានផ្លាស់ប្តូរទស្សនៈនោះឬទេ ព្រោះឥឡូវនេះការពាក់ម៉ាស់មានគ្រប់ទីកន្លែង ហើយក៏ចង់ស្វែងយល់ថា តើប្រភេទម៉ាស់ផ្សេងគ្នា អាចមានការយល់ឃើញខុសគ្នាអ្វីខ្លះ។

លោកថា មុខរបស់យើងត្រូវបានគេចាត់ទុកថា មានភាពទាក់ទាញបំផុតនៅពេលពាក់ម៉ាស់ ហើយស្របពេលដែលវាជាអំឡុងពេលមានរោគរាតត្បាតផងនោះ យើងតែងមានការយល់ឃើញថា អ្នកដែលពាក់ម៉ាស់ធ្វើឱ្យយើងមានអារម្មណ៍វិជ្ជមានលើពួកគេ។ វេជ្ជបណ្ឌិត Michael Lewis បន្ថែមថា៖«យើងក៏បានរកឃើញថា មុខត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញខ្លាំង នៅពេលដែលពាក់ម៉ាស់ ជាជាងពេលដែលមិនពាក់ម៉ាស់។ ហេតុផលនេះ​អាច​ជា​លទ្ធផល​នៃ​ការដែលយើង​ អាច​លាក់​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទៃមុខដែលមិនស្អាត។

លោកបានបន្ដថា៖«ការស្រាវជ្រាវបច្ចុប្បន្នបង្ហាញថា ជំងឺរាតត្បាតបានផ្លាស់ប្តូរចិត្តសាស្ត្ររបស់យើងចំពោះអ្នកពាក់ម៉ាស់។ ពេល​ឃើញ​អ្នក​ពាក់​ម៉ាស់ យើង​លែង​គិត​ថា អ្នក​នោះ​មាន​ជំងឺ ឬគិតថា ខ្ញុំ​ត្រូវ​នៅ​ឱ្យឆ្ងាយទៀតហើយ។ វាទាក់ទងនឹងចិត្តវិទ្យាវិវត្តន៍ និងមូលហេតុដែលយើងជ្រើសរើសដៃគូ។ ជំងឺ និងភ័ស្តុតាងនៃជំងឺ អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជ្រើសរើសគូស្រករ។ ពីមុនមក រាល់សញ្ញាដែលបង្ហាញថាយើងមានជំងឺ (ជាធម្មតាយើងពាក់ម៉ាស់ពេលឈឺ) នឹងធ្វើឱ្យយើងដកខ្លួនពីបុគ្គលនោះភ្លាម។ ឥឡូវនេះ យើង​អាច​សង្កេត​មើល​ការ​ផ្លាស់​ប្តូរ​នៃ​ចិត្តសាស្ត្រ​របស់​យើង ព្រោះយើងគិតថា ម៉ាស់លែង​ដើរតួ​ជា​សញ្ញា​ចម្លង​មេរោគ​ទៀតហើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ Cardiff

Share This Post: