សង្គ្រាមយេម៉ែនធ្វើឱ្យកុមារស្លាប់១៣០នាក់ជាមធ្យមក្នុងមួយថ្ងៃៗ
ប្រមុខមនុស្សធម៌របស់ U.N បាននិយាយថា៖ ប្រជាជន១៤លាននាក់នៅយេម៉ែនឬស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះកំពុងត្រូវការជំនួយ ដើម្បីរស់រាន ស្របពេលប្រទេសនេះមានការភ័យខ្លាចពីភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាម។
យោងតាមអង្គការ Save the Children និង U.N បានឱ្យដឹងថា កុមារស្ទើរតែ ៥០,០០០នាក់ត្រូវបានស្លាប់ និងកុមារអាយុក្រោម៥ឆ្នាំចំនួន ១៣០នាក់ត្រូវបានស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមូលហេតុកង្វះអាហារ ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះស្រដៀងនឹងចំនួនដែលគេព្យាករណ៍ទុកសម្រាប់ឆ្នាំនេះដូចគ្នា។
បច្ចុប្បន្នមាននេះកុមារ ១.៨លាននាក់កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ ក្នុងនោះមានកុមារ ៤០០,០០០នាក់ ដែលខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ និងប្រឈមមុខនឹងការស្លាប់ប្រសិនបើពួកគេមិនត្រូវបានទទួលការព្យាបាលជាបន្ទាន់។ ចំណែកកុមារជាង ៨លាននាក់ផ្សេងទៀត ត្រូវបានកាត់ផ្តាច់ពីការទទួលបានសេវាទឹកស្អាត។ កំណើននៃការស្លាប់ដោយការអត់អាហារនេះបានកើនឡើងជារៀងរាល់ថ្ងៃ ហើយកុមារដែលខ្វះអាហាររូបត្ថម្ភទាំងនោះ គឺមិនមានសូម្បីតែកម្លាំងដើម្បីយំឡើយ។
សង្គ្រាមយេម៉ែននេះគឺបានចាប់ផ្តើមមានឡើងតាំងពីឆ្នាំ ២០១៤ និងបានធ្វើឱ្យមានមនុស្សស្លាប់យ៉ាងតិច ៦.៨០០នាក់ ១០.០០០នាក់បានរងរបួស កុមាររាប់លាននាក់មានភាពកង្វះអាហារ និងធ្វើឱ្យប្រជាជនយ៉ាងតិចចំនួន ៨០ភាគរយរស់នៅក្នុងភាពក្រីក្រលំបាកបំផុត៕


អត្ថបទ៖ លីដា
ប្រភព៖ nbcnews