អន្តរជាតិ

ប្រទេសចិនឈប់បន្តលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរមិនសំខាន់ ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩

BY
autoadmin
February 14, 2022

រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនបន្តលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរដែលមិនសំខាន់នោះទេ ខណៈដែលស្ថានភាពជំងឺរាតត្បាត COVID-19 នៅតែធ្ងន់ធ្ងរ ហើយការធ្វើដំណើរឆ្លងកាត់ព្រំដែនបង្ក «ហានិភ័យសន្តិសុខយ៉ាងធំធេង»។ រដ្ឋបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងចេញលិខិតឆ្លងដែន សម្រាប់បុគ្គលដែលត្រូវការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការសិក្សា ការងារ ឬអាជីវកម្មប៉ុណ្ណោះ។

អាជ្ញាធរបាននិយាយថា ពាក្យចចាមអារ៉ាមដែលថា ខ្លួននឹងចេញការបន្តលិខិតឆ្លងដែនសម្រាប់បុគ្គល ដែលចង់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីកម្សាន្ត គឺជារឿងមិនពិតទេ។ ជម្រាបដែរថា ប្រទេសចិនបានរឹតបន្តឹងលើការធ្វើដំណើរឆ្លងដែនរបស់ពលរដ្ឋរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ COVID-19 ដែលត្រូវបាននាំមកពីក្រៅប្រទេស និងការរីករាលដាលក្នុងស្រុក។ ដូច្នេះហើយប្រទេសនេះ បានផ្អាកការចេញលិខិតឆ្លងដែនថ្មី សម្រាប់បុគ្គលដែលមានបំណងទៅក្រៅប្រទេសសម្រាប់បញ្ហាមិនបន្ទាន់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: