កូរ៉េខាងជើងកំពុងប្រារព្ធខួបកំណើតគម្រប់ ៨០ឆ្នាំ របស់អតីតមេដឹកនាំលោក គីម ជុងអ៉ីល
- BY
- autoadmin
- February 16, 2022
កូរ៉េខាងជើងកំពុងរីករាយក្នុងការប្រារព្ធខួបកំណើតគម្រប់ ៨០ឆ្នាំ របស់អតីតមេដឹកនាំលោក គីម ជុងអ៉ីល នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ជាក់ស្ដែងលោក គីម ជុងអ៊ុន បានបញ្ជាក់ហើយថា ខួបរបស់ឪពុករបស់លោកនឹងត្រូវប្រារព្ធឡើងជាទ្រង់ទ្រាយធំ។ ក្នុងអំឡុងពេលសម្តែងតន្ត្រីមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ក៏មានការបង្ហាញរូបថតនៃមីស៉ីលលឿនជាងសំឡេង (Hypersonic missile) ដែលខ្លួនបានបាញ់កាលពីថ្ងៃទី០៥ ខែមករា ដើមឆ្នាំនេះ។

ទូរទស្សន៍រដ្ឋកូរ៉េកណ្តាលបាននឹងកំពុងចាក់ផ្សាយភាពយន្តឯកសារថ្មីមួយ អំពីសមិទ្ធផលរបស់លោក គីម ជុងអ៉ីល ដោយភាពយន្តនោះ មានឈុតឆាកដែលឪពុកកូនទាំង ២នាក់ បានទៅលេងកន្លែងផ្សេងៗក្នុងប្រទេសជាមួយគ្នា។ នៅក្នុងឯកសារនោះលោក គីម ជុងអ៉ីល បាននិយាយថា ក្រោមការដឹកនាំរបស់សមមិត្ត គីម ជុងអ៊ុន អនាគតនៃមាតុភូមិរបស់ពួកគេគឺភ្លឺស្វាង។
កូរ៉េខាងជើងក៏នឹងប្រារព្ធព្រឹត្តិការណ៍សំខាន់ផ្សេងទៀតនៅឆ្នាំនេះ ដោយខួបលើកទី១១០ នៃថ្ងៃកំណើតរបស់លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ននឹងមកដល់នៅក្នុងខែមេសា។ ឆ្នាំនេះក៏ជាខួប ១០ឆ្នាំ ដែលលោកគីម ជុងអ៊ុនឡើងកាន់តំណែងជាមេដឹកនាំបក្សកម្មករកំពុងកាន់អំណាច ហើយមេដឹកនាំរូបនេះត្រូវបានគេជឿថា កំពុងប្រើខួបដើម្បីលើកកំពស់កិត្យានុភាពជាតិ និងរឹតបន្តឹងការក្តាប់អំណាចរបស់ខ្លួន៕


អត្ថបទ៖ លីដា
ប្រភព៖ Yonhab
- Share This Post:






