អន្តរជាតិ

បុរសជនជាតិទួរគីម្នាក់តេស្តឃើញវិជ្ជមានជាមួយជំងឺកូវីដ១៩ អស់រយៈពេល ១៤ ខែជាប់ៗគ្នា ប៉ុន្តែមិនជាសះស្បើយទាល់តែសោះ

BY
autoadmin
February 16, 2022

បុរសជនជាតិទួរគីម្នាក់បានបង្កើតកំណត់ត្រាថ្មីដ៏ហួសចិត្តមួយ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 អស់រយៈពេល ១៤ខែ ជាប់ៗគ្នាមកហើយ នេះបើយោងតាមវេជ្ជបណ្ឌិតដែលបន្ដព្យាបាលឱ្យគាត់។ លោក Muzaffer Kayasan អាយុ ៥៦ឆ្នាំ មានជំងឺមហារីកឈាមជាប់ខ្លួននៅពេលគាត់បានឆ្លងជំងឺ COVID-19 ជាលើកដំបូងកាលពីជាងមួយឆ្នាំមុន។ ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ តរៀងមក គាត់បានចេញចូលមន្ទីរពេទ្យជាញឹកញាប់ ប៉ុន្តែនៅតែមិនមានសិទ្ធិទទួលបានវ៉ាក់សាំងឡើយ ស្របពេលដែលគាត់នៅតែបន្ដវិជ្ជមានជាមួយជំងឺ COVID-19 ។

កាសែត New York Post ធ្លាប់បានដកស្រង់សម្តីរបស់គាត់ ដោយបាននិយាយ គាត់ងាយនឹងឆ្លងមេរោគខ្លាំងណាស់ ហើយសូម្បីតែឆ្មាដើរតាមបង្អួចក៏អាចចម្លងមេរោគទៅឱ្យគាត់ដែរ។ ក្រុមគ្រូពេទ្យជឿជាក់ថា គាត់ជាអ្នកជំងឺ COVID-19 ដែលជាប់កំណត់ត្រាឆ្លងបានយូរបំផុតរបស់ប្រទេសទួរគី ហើយវាអាចមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយពីជំងឺមហារីករបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយលោក Kayasan នៅតែបន្ដរស់រានមានជីវិត ហើយនៅតែមានស្មារតីខ្ពស់គួរឱ្យភ្ញាក់ផ្អើល បើទោះបីជាគាត់បន្ដវិជ្ជមានជាមួយជំងឺ COVID-19 អស់រយៈពេល ១៤ខែ ហើយតេស្ដវិជ្ជមាន ៧៨ លើក។

លោក Kayasan ប្រឈមនឹងការបាត់បង់រសជាតិ និងក្លិន ហើយគាត់បានចំណាយពេល ៩ខែ នៅក្នុងមន្ទីរពេទ្យ និង ៥ខែ នៅដាច់ដោយឡែកម្នាក់ឯង។ ឥឡូវនេះលោក Kayasan បានអំពាវនាវដល់អាជ្ញាធរ ដើម្បីឱ្យមានការបន្ធូរបន្ថយលើការដាក់ឱ្យនៅដាច់ដោយឡែកលើរូបគាត់ ព្រោះគាត់រស់នៅឯកោជាយូរណាស់មកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Ladbible

Share This Post: