ទុរេនថៃអាចប្រឈមនឹងការខាតបង់យ៉ាងច្រើនទៅកាន់ទីផ្សារប្រទេសចិន ដោយសារហេតុផលមួយនេះ
- BY
- autoadmin
- February 17, 2022
ទុរេនបានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ពិសេសគឺនៅក្នុងទីផ្សារនាំចេញទៅកាន់ប្រទេសចិន។ ជាក់ស្ដែងក្នុងឆ្នាំ២០២១ ប្រទេសថៃបាននាំចេញផ្លែទុរេនជាង ៨៧៥,០០០ តោន ទៅកាន់ប្រទេសចិន ដែលអាចឱ្យប្រទេសថៃរកបានចំណូលយ៉ាងហោចណាស់ ៣.៤ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមស្ថិតិរបស់ក្រសួងកសិកម្ម។ សម្រាប់ឆ្នាំនេះផ្ទាល់ ប្រទេសថៃក៏មានគោលបំណងនាំចេញទុរេនឱ្យបានកាន់តែច្រើន ដោយរំពឹងថាខ្លួនអាចប្រមូលផលបានច្រើនជាងមុន ប៉ុន្តែគោលនយោបាយ zero-COVID-19 របស់ប្រទេសចិន អាចធ្វើឱ្យប្រទេសថៃខាតបង់ធំធេងនៅរដូវកាលក្រោយនេះ។ វាមិនមែនរឹតត្បឹតតែលើទុរេនថៃមួយមុខនោះទេ ពោលគឺការដឹកជញ្ជូននាំចូលពីអាស៊ីអាគ្នេយ៍ សុទ្ធតែត្រូវបានទទួលការពិនិត្យរកមេរោគ COVID-19 ទាំងអស់។

ប្រទេសថៃនាំចេញទុរេនទៅប្រទេសចិនតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន ផ្លូវសំខាន់គឺឆ្លងកាត់ប្រទេសឡាវ និងវៀតណាម ដែលឆ្លងកាត់ព្រំដែនរួមជាមួយប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងពិធីសារដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅតាមព្រំដែន រដ្ឋាភិបាលថៃសង្ឃឹមថា ទុរេនអាចត្រូវបាននាំចេញទៅកាន់ប្រទេសចិននៅឆ្នាំនេះ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនថ្មីដែលតភ្ជាប់ពីរដ្ឋធានីវៀងច័ន្ទរបស់ឡាវ និងទីក្រុងគុនមីងរបស់ប្រទេសចិន។ គួរឱ្យដឹងដែរថា រដូវទុរេនរបស់ប្រទេសថៃចាប់ផ្ដើមនៅក្នុងខែមីនា ប៉ុន្តែឡើងដល់កម្រិតកំពូលនៅចន្លោះពាក់កណ្ដាលខែឧសភា និងពាក់កណ្ដាលខែមិថុនា។
ប្រសិនបើរដ្ឋាភិបាលថៃអាចធានាបាននូវផ្លូវដែកសម្រាប់ការនាំចេញផ្លែឈើទៅកាន់ប្រទេសចិននៅពេលនោះ វានឹងជួយសម្រួលដល់ស្ថានភាពនៅច្រកព្រំដែនគោក និងអាចចែកចាយផ្លែឈើកាន់តែច្រើនទៅកាន់ទីផ្សារដ៏សំខាន់របស់ប្រទេសថៃគឺប្រទេសចិន។ ប៉ុន្តែបច្ចុប្បន្ននេះ ថៃអាចប្រើតែផ្លូវរថភ្លើងល្បឿនលឿនប៉ុណ្ណោះ ដើម្បីនាំចេញកៅស៊ូ ដំឡូងមី និងទំនិញទាក់ទងនឹងរ៉ែ ខណៈផ្លែឈើដទៃទៀតនៅមិនទាន់ត្រូវបានរួមបញ្ចូលទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






