កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាង ១០០,០០០ ករណី ជាលើកដំបូងបំផុតចាប់តាំងពីមានការឆ្លងរាតត្បាត
- BY
- autoadmin
- February 18, 2022
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ច្រើនជាង ១០០,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោង ជាលើកដំបូងបំផុត ខណៈដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស។ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីថ្មីចំនួន ១០៩,៨៣១ ករណី កាលពីថ្ងៃព្រហស្បតិ៍ ហើយវាគឺជាការកើនឡើងប្រហែល ៦ដង ពីប្រហែល ១៨,០០០ ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី០១ ខែកុម្ភៈ ដើមខែនេះ។ ឥឡូវនេះ នាយករដ្ឋមន្ត្រីលោក Kim Boo-kyum កំពុងប្រាប់ទៅក្រុមការងារទទួលបន្ទុកជំងឺ COVID-19 ដើម្បីការចាត់វិធានការបន្ថែមទៀតតាមដែលអាចធ្វើបាន ហើយជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។

បើទោះបីជាមានការកើនឡើងករណីមែនពិត ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តបន្ធូរបន្ថយការរឹតបន្តឹងលើម៉ោងបើកទ្វាររកស៊ី សម្រាប់កន្លែងហូបចុកទូទៅ ដោយសារតែមានការត្អូញត្អែរពីឧស្សាហកម្មនេះ។ ពោលគឺការបន្ថយម៉ោងធ្វើការត្រឹមម៉ោង ៩យប់ ដែលត្រូវបានដាក់ឡើងតាំងពីខែធ្នូឆ្នាំមុន នឹងត្រូវបន្ធូរបន្ថយឱ្យមានការបើកទ្វាររហូតដល់ម៉ោង ១០ យប់។ លោក Kim Boo-kyum បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តថា ការបន្ធូរបន្ថយការរឹតបន្តឹងតិចតួចគឺចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពលំបាកនៃសេដ្ឋកិច្ច ខណៈពេលដែលពិចារណាលើវិធានការប្រឆាំងនឹងការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រផ្សេងៗទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






