អង្គការសុខភាពពិភពលោក៖ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកនឹងទទួលបានបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA
- BY
- autoadmin
- February 19, 2022
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយថា ប្រទេសចំនួន ៦ នៅទ្វីបអាហ្រ្វិក ដូចជា៖ អេហ្ស៊ីប កេនយ៉ា នីហ្សេរីយ៉ា សេណេហ្គាល់ អាហ្រ្វិកខាងត្បូង និងទុយនីស៊ី នឹងក្លាយជាប្រទេសដំបូងគេនៅលើទ្វីបនេះ ដែលទទួលបានបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតវ៉ាក់សាំង mRNA ។ វាជាគម្រោងផ្ទេរបច្ចេកវិទ្យា ដែលបានចាប់ផ្តើមកាលពីឆ្នាំមុននៅទីក្រុង Cape Town ហើយវាមានគោលបំណងជួយប្រទេសដែលមានចំណូលទាប និងមធ្យមផលិតវ៉ាក់សាំង mRNA ក្នុងកម្រិត និងស្របតាមស្តង់ដារអន្តរជាតិ។

ជម្រាបដែរថា mRNA គឺជាបច្ចេកវិទ្យាទំនើប ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនដូចជា Pfizer-BioNTech និង Moderna សម្រាប់ការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ២ដូស របស់ពួកគេ។ WHO បានបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា mRNA សកលរបស់ខ្លួន បន្ទាប់ពីការស្តុកទុកវ៉ាក់សាំងក្នុងចំនួនច្រើនដោយបណ្តាប្រទេសអ្នកមាន និងដោយក្រុមហ៊ុនដែលផ្តល់អាទិភាពលក់ដល់រដ្ឋាភិបាលណាមួយ ដែលអាចបង់ថ្លៃខ្ពស់ឱ្យពួកគេ។ ប្រការនេះវាបានរុញប្រទេសដែលមានចំណូលទាប និងមធ្យម មិនអាចមានវ៉ាក់សាំងប្រើប្រាស់បានគ្រប់គ្រានឡើយ COVID-19៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






