អន្តរជាតិ

ម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

BY
autoadmin
February 21, 2022

ម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានជាមួយជំងឺកូវីដ-១៩ នេះបើតាមការប្រកាសរបស់វិមាន Buckingham កាលពីថ្ងៃអាទិត្យ។ ការប្រកាសនោះបាននិយាយថា ព្រះមហាក្សត្រីកំពុងមានរោគសញ្ញាដូចជាជំងឺគ្រុនផ្ដាសាយ ប៉ុន្តែរំពឹងថានឹងអាចបន្តភារកិច្ចស្រាលៗក្នុងសប្តាហ៍ខាងមុខ នៅឯ Windsor Castle នៅជាយក្រុងឡុងដ៍បាន។ សេចក្តី​ប្រកាស​បាន​បន្ថែម​ថា ព្រះអង្គ​នឹង​បន្ត​ទទួល​បាន​ការ​ថែទាំ​ព្រះសុខភាព ហើយ​នឹង​ធ្វើ​តាម​គោលការណ៍​ណែនាំ​ដែល​សមរម្យ​ទាំងអស់។ កាលពីដើមខែនេះ ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រី គឺព្រះអង្គម្ចាស់ Charles ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩ ជាលើកទី២ ហើយព្រះមហេសីរបស់ទ្រង់ព្រះនាម Camilla ក៏បានធ្វើតេស្តវិជ្ជមានជាច្រើនថ្ងៃក្រោយមកទៀត។

ម្ចាស់ក្សត្រីដែលមានព្រះជន្ម ៩៥ឆ្នាំអង្គនេះ ទើបតែបានប្រារព្ធព្រះរាជពិធីខួបលើកទី៧០ នៃការឡើងសោយរាជ្យរបស់ទ្រង់ នៅថ្ងៃទី០៦ ខែកុម្ភៈ ថ្មីៗនេះ ហើយការប្រារព្ធព្រះរាជពិធីជាបន្តបន្ទាប់ត្រូវបានគ្រោងទុកពេញមួយឆ្នាំ ដើម្បីគោរពដល់រជ្ជកាលរបស់ព្រះអង្គ។ ប្រជាជន​អង់គ្លេស​ទាំងអស់ កំពុងមានព្រួយ​បារម្ភ​ចំពោះ​ព្រះសុខភាព​របស់​ព្រះមហាក្សត្រី ខណៈនាយករដ្ឋមន្រ្តី Boris Johnson បានសរសេរនៅលើគណនី Twitter របស់គាត់ថា៖«ខ្ញុំប្រាកដថាខ្ញុំនិយាយសម្រាប់មនុស្សគ្រប់គ្នា ក្នុងការជូនពរដល់សម្តេចព្រះមហាក្សត្រី ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងការវិលត្រឡប់មករកសុខភាពល្អវិញ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: