អន្តរជាតិ

ប្រទេសអូស្ត្រាលី​ចាប់ផ្ដើម​បើក​ទ្វារ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេសឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបិទទ្វារអស់រយៈពេល ២ឆ្នាំ

BY
autoadmin
February 21, 2022

អូស្ត្រាលី​បាន​បើក​ទ្វារ​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ពេញលេញ​ បន្ទាប់​ពី​បិទ​ព្រំដែន​អស់រយៈពេលជិត​ ២​ឆ្នាំ។ ពោលគឺប្រទេសអូស្ត្រាលីបានចាប់ផ្តើមទទួលយកអ្នកកាន់ទិដ្ឋាការ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ពីប្រទេសដទៃទៀតនៃពិភពលោកនៅថ្ងៃនេះផ្ទាល់តែម្ដង។ នៅថ្ងៃនេះផ្ទាល់ ជើងហោះហើរពីសហរដ្ឋអាមេរិក កាណាដា និងកន្លែងផ្សេងទៀត បានមកដល់ព្រលានយន្តហោះដ៏ធំបំផុតរបស់ប្រទេសក្នុងទីក្រុងស៊ីដនី។ អ្នកធ្វើដំណើរដែលមកដល់ត្រូវបានស្វាគមន៍ដោយមនុស្សម្នាក់ ក្នុងសំលៀកបំពាក់កង់ហ្គូរូ ហើយពួកគេ​មួយ​ចំនួន​មើល​ទៅ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។

បុរសម្នាក់មកពីប្រទេសកាណាដាបាននិយាយថា គាត់នឹងអាចជួបឪពុកម្តាយរបស់គាត់ជាលើកដំបូង ចាប់តាំងពីគាត់បានទៅលេងគ្រួសារនៅប្រទេសអូស្ត្រាលីលើកចុងក្រោយ នៅមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Dan Tehan បានសម្តែងការជឿជាក់ថា ទីផ្សារទេសចរណ៍របស់ប្រទេសអូស្ត្រាលីនឹងងើបឡើងវិញ បន្ទាប់ពីការបើកទ្វារឡើងវិញនេះ។ កាលពីខែមីនា ឆ្នាំ២០២០ ប្រទេសអូស្ត្រាលីបានដាក់បម្រាមចេញចូលលើអ្នកដំណើរបរទេស ដើម្បីការពារការរីករាលដាលនៃ COVID-19។ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិតមួយចំនួន ​សម្រាប់​ប្រជាជន​មក​ពី​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ រដ្ឋអូស្ត្រាលីភាគច្រើនបានលុបចោលលក្ខខណ្ឌដែលតម្រូវឱ្យនៅដាច់ដោយឡែក សម្រាប់ភ្ញៀវដែលទទួលថ្នាំបង្ការពេញលេញរួចហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: