អន្តរជាតិ

ការសិក្សារបស់កូរ៉េខាងត្បូង៖ ជំងឺកូវីដ១៩វ៉ារ្យ៉ង់អូមីក្រុង អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬមរណភាព តិចជាងវ៉ារ្យ៉ង់ដែលតា រហូតដល់ទៅ ៧៥ ភាគរយ

BY
autoadmin
February 22, 2022

យោងតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា មនុស្សដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬស្លាប់ តិចជាងអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ដែលតា រហូតដល់ទៅ ៧៥%។ ការសិក្សាដោយទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) លើការឆ្លងប្រហែល ៦៧,២០០ ករណី ដែលបានបញ្ជាក់ចាប់តាំងពីខែធ្នូ បានបង្ហាញថា ភាពធ្ងន់ធ្ងរ និងអត្រាមរណភាពរបស់វ៉ារ្យ៉ង់អូមីក្រុង មានជាមធ្យម ០.៣៨% និង ០.១៨% បើធៀបនឹង ១.៤% និង ០.៧% សម្រាប់វ៉ារ្យ៉ង់ដែលតា។ ជម្រាបដែរថា KDCA បានចាត់ថ្នាក់ករណីធ្ងន់ធ្ងរ គឺជាមនុស្សដែលសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់ថែទាំ ICU ។

ការសិក្សាបានបង្ហាញថា ប្រហែល ៥៦% នៃមនុស្សចំនួន ១,០៧៣ នាក់ ដែលបានស្លាប់ក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយនេះ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានទទួលតែមួយដូស ហើយក្នុងនោះមាន ៩៤% ជាមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ។ យ៉ាងណាក៏ដោយ ៨៦% នៃពលរដ្ឋកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងបង្ការទាំង ២ដូស ហើយជិត ៦០% ក៏បានទទួលដូសជំរុញហើយដែរ។ កន្លងមកប្រទេសកូរ៉េខាងត្បូងក៏បានរក្សាករណី និងការស្លាប់នៅកម្រិតទាប ដោយសារវិធានការរក្សាគម្លាតសង្គម និងការធ្វើតេស្ត និងការតាមដានយ៉ាងខ្លាំងក្លារបស់ខ្លួន។ ប៉ុន្តែរហូតដល់អូមីក្រុងចូលមក វាធ្វើឱ្យប្រទេសនេះបានមើលឃើញពីការឆ្លងថ្មីៗគួរឱ្យកត់សម្គាល់ ជាមួយនឹងករណីចំនួន ១០០,០០០ ក្នុងមួយថ្ងៃជាលើកដំបូងបំផុត។

KDCA បាននិយាយថា អូមីក្រុង បានក្លាយជាវ៉ារ្យ៉ង់លេចធ្លោនៅក្នុងសប្តាហ៍ទី៣នៃខែមករា ហើយរហូតដល់ ៩០% នៃករណីថ្មីៗ គឺសុទ្ធតែជាអូមីក្រុង នៅសប្តាហ៍ដំបូងនៃខែកុម្ភៈនេះ។ KDCA បានរាយការណ៍ករណីថ្មីចំនួន ៩៩,៤៤៤ ករណី សម្រាប់ថ្ងៃច័ន្ទ  បាននាំឱ្យមានការឆ្លងសរុបមានដល់ទៅ ២,១៥៧,៧៣៤ ករណី ជាមួយនឹងការស្លាប់ចំនួន ៧,៥០៨ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: