អន្តរជាតិ

អាជ្ញាធរហុងកុងរកឃើញមេរោគកូវីដ១៩ នៅក្នុងសំណាកសាច់គោក្លាសេនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ

BY
autoadmin
February 23, 2022

អាជ្ញាធរហុងកុងបាននិយាយថា ពួកគេបានរកឃើញមេរោគនៃជំងឺ COVID-19 នៅក្នុងសំណាក ដែលយកចេញពីការវេចខ្ចប់សាច់គោក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនបន្ថែមទៀត ស្របពេលដែលទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដង ដោយសារតែវ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងទីក្រុង ហើយនៅតាមមន្ទីរពេទ្យ និងកន្លែងធ្វើចត្តាឡីស័កពោរពេញទៅដោយអ្នកជំងឺ។

មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាពចំណីអាហារ (CFS) បានរកឃើញការវេចខ្ចប់ខាងក្រៅចំនួន ១ និងសំណាកវេចខ្ចប់ខាងក្នុងចំនួន ២ ចេញពីសំណាកចំនួន ៣៦ មានភាពវិជ្ជមានជាមួយជំងឺ COVID-19 ខណៈដែលសំណាកទាំងនោះ គឺត្រូវបានយកចេញពីដុំសាច់កកប្រហែល ១,១០០ កេស, មានទម្ងន់សរុប ២៩ តោន ដែលនាំចូលពីប្រទេសប្រេស៊ីល។ ខ្លួនក៏បានប្រមូលសំណាកចំនួន ១២ ពីកញ្ចប់ស្បែកជ្រូកក្លាសេប្រហែល ៣០០ កេស ដែលមានទម្ងន់ប្រហែល ៧ តោន ដែលនាំចូលពីប្រទេសប៉ូឡូញ ហើយបានរកឃើញថា មានកញ្ចប់ ១ ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19។

យ៉ាងណាក៏ដោយ អាជ្ញាធរបាននិយាយថា COVID-19 ភាគច្រើនតាមរយៈដំណក់ទឹក ហើយមិនអាចបំបែកខ្លួននៅក្នុងម្ហូបអាហារ ឬការវេចខ្ចប់អាហារនោះទេ ហើយវាមិនទំនងថា វាអាចឆ្លងទៅមនុស្សតាមរយៈការប្រើប្រាស់អាហារនោះដែរ។ ប៉ុន្តែពួក​គេ​បាន​ណែនាំឱ្យ​ប្រជាជន​ ចាត់​ចែង​អាហារ​ឆៅ​ដោយ​ឡែក​ពី​គ្នា គោរព​ច្បាប់​អនាម័យ និង​ចម្អិន​អាហារ​ឱ្យ​បាន​ហ្មត់ចត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: