អន្តរជាតិ

ប្រធានាធិបតី​​អាមេរិកលោក ចូ បៃដិន បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី

BY
autoadmin
February 23, 2022

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកគឺលោក ចូ បៃដិន បាន​និយាយ​ថា ជនជាតិ​រុស្ស៊ី​កំពុង​តែហែកហួរប្រទេសអ៊ុយក្រែន ហើយអ្វីដែលលោកបានឃើញ គឺប្រទេសរុស្ស៊ីបានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន។ ជាក់ស្ដែងលោកក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ដែលបន្ថែមទៅលើទណ្ឌកម្មចាស់ដែលប្រទេសរុស្ស៊ីកំពុងតែមានស្រាប់។ មន្ត្រីអាមេរិកនឹងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានលោកខាងលិចដល់ស្ថាប័នហិរញ្ញវត្ថុចំនួន ២ គឺសាជីវកម្មអភិវឌ្ឍន៍រដ្ឋ VEB និងធនាគារយោធា Promsvyazbank របស់ប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីក៏នឹងត្រូវហាមឃាត់ពីការជួញដូរបំណុលថ្មីរបស់ខ្លួននៅលើទីផ្សារអាមេរិក ឬអឺរ៉ុប ហើយមន្ត្រីអាមេរិកនឹងផ្តោតលើការដាក់ទណ្ឌកម្ម​លើពួកឥស្សរជនរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ លោក ចូ បៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមប្រាមប្រតិបត្តិការសេដ្ឋកិច្ចនានា រួមបញ្ចូលទាំងការវិនិយោគថ្មីដោយជនជាតិអាមេរិកនៅ Donetsk និង Luhansk ។ ការហាមប្រាមការជួញដូរទំនិញ សេវាកម្ម និងបច្ចេកវិទ្យា ក៏ដូចជាការរារាំងប្រតិបត្តិការហិរញ្ញវត្ថុ កម្ចី និងការធានាជាដើម។ លោក បៃដិន បាននិយាយថា ជនជាតិរុស្សីនឹងត្រូវខាតបង់ជាងនេះ ប្រសិនបើពួកគេបន្តការឈ្លានពានបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: