ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា លោកកំពុងបញ្ជាឱ្យមានប្រតិបត្តិការយោធានៅអ៊ុយក្រែន
- BY
- autoadmin
- February 24, 2022
ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើនក្នុងប្រទេសអ៊ុយក្រែន ហើយបានដាក់ពង្រាយកងទ័ពនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យមានការប្រតិបត្តិការយោធាពិសេសមួយនៅភាគខាងកើត។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ភ្ញាក់ផ្អើលមួយតាមកញ្ចក់ទូរទស្សន៍ថា៖«ខ្ញុំបានសម្រេចចិត្តធ្វើប្រតិបត្តិការយោធា»។ ភ្លាមៗបន្ទាប់ពីលោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាអំពីការផ្ទុះមួយបានកើតឡើង នៅមុនថ្ងៃព្រហស្បត្តិ៍នៅរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ សំឡេងគ្រាប់កាំភ្លើង ក៏ដូចជាសំឡេងឡានស៊ីរ៉ែនជាច្រើន ត្រូវបានគេឮពាសពេញរដ្ឋធានី។

ប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រតិកម្មចំពោះការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកបានព្យាករណ៍អស់ជាច្រើនសប្តាហ៍មកហើយ ចំពោះសកម្មភាពរបស់ប្រទេសរុស្ស៊ី។ លោក ចូ បៃដិន បាននិយាយថា ពិភពលោកនឹងថ្កោលទោសលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានមកលើអ៊ុយក្រែន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី ពូទីន បានជ្រើសរើសសង្រ្គាមដែលបានគិតទុកជាមុន ដែលនឹងនាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការឈឺចាប់របស់មនុស្សជាតិ។ ដោយបន្ថែមថា៖«រុស្ស៊ីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ នៅក្នុងការវាយប្រហារនេះ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងឆ្លើយតបដោយការឯកភាពគ្នា»៕
អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






