អន្តរជាតិ

យន្តហោះដ៏ធំបំផុតរបស់ពិភពលោក AN-225 ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ អំឡុងពេលការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន

BY
autoadmin
February 28, 2022

យោងតាមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោក Antonov AN-225 ត្រូវបានបំផ្លាញ នៅក្នុងអំឡុងពេលការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើល និងសោកសៅ ក្នុងចំណោមពិភពអាកាសចរណ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ យន្តហោះដ៏ធំសម្បើម ដែលមានឈ្មោះថា «Mriya» ឬ «Dream» នៅក្នុងភាសាអ៊ុយក្រែន ត្រូវបានចតនៅអាកាសយានដ្ឋានក្បែរទីក្រុង Kyiv នៅពេលដែលវាត្រូវបានវាយប្រហារដោយប្រទេសរុស្ស៊ី។ យ៉ាងណា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេនឹងសាងសង់យន្តហោះនេះឡើងវិញឱ្យបាន។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅលើបណ្ដាញ Twitter បានសរសេរថា៖«រុស្ស៊ីប្រហែលជាបានបំផ្លាញ «Mriya» របស់យើង។ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញក្តីសុបិនរបស់យើង អំពីរដ្ឋអឺរ៉ុបដ៏រឹងមាំ សេរី និងប្រជាធិបតេយ្យនោះទេ។ យើងនឹងឈ្នះ!»

ចំណែកក្រុមហ៊ុន Antonov បាននិយាយថា ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់លក្ខខណ្ឌបច្ចេកទេសរបស់យន្តហោះបានទេ រហូតដល់វាត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញ។ ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Ukroboronprom ដែលគ្រប់គ្រងលោក Antonov កាលពីថ្ងៃអាទិត្យ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា យន្តហោះនេះត្រូវបានបំផ្លាញ ប៉ុន្តែនឹងត្រូវសាងសង់ឡើងវិញ ដោយការចំណាយរបស់រុស្ស៊ី ដែលវានឹងមានតម្លៃ ៣ ពាន់លានដុល្លារ និងប្រើរយៈពេល ៣ ឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: