ផ្សារដែកធ្លាក់កម្ទេចភ្លើងបង្ករជាអគ្គិភ័យឆាបឆេះហាងបាបារាំង Amazing មួយកន្លែង នៅសង្កាត់ផ្សារកណ្តាលទី១ ក្នុងខណ្ឌដូនពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំងមួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងបង្ករជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ម្ចាស់ហាង Amazing។
លោកបានបន្តទៀតថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន។
លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារៈពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងលើ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ១១៖០០នាទីនាថ្ងៃខែដដែរ។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ផ្សារដែកបង្កជាអគ្គិភ័យ៕











ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ