ជំនួបអ្នកការទូតមកពីរុស្ស៊ី និងអ៊ុយក្រែន មិនបានឈានចូលដល់កិច្ចព្រមព្រៀងអ្វីនោះទេ
- BY
- autoadmin
- March 1, 2022
អ្នកការទូតមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានត្រឡប់ទៅផ្ទះវិញដោយមិនបានសម្រេចអ្វីឡើយ។ អ្នកចរចាទាំង ២ភាគី បានជួបគ្នានៅប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ហើយបន្ទាប់ពីកិច្ចប្រជុំ ពួកគេបាននិយាយថា ពួកគេនឹងអង្គុយចរចាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ លោក Mykhailo Podoliak នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា គោលដៅសំខាន់នៃកិច្ចចរចាជុំទីមួយនេះ គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងការបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន។ លោកបានមានប្រសាសន៍ថា គណៈប្រតិភូបានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួននៃការពិភាក្សា ហើយបានគូសបញ្ជាក់ពីការសម្រេចចិត្តមួយចំនួនអំពីពួកគេ។

លោក វ្ល៉ាឌីមៀ មេឌីនស្គី ប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា ភាគីទាំង ២ បានជួបពិភាក្សាគ្នារយៈពេល ៥ ម៉ោង ហើយលោកបាននិយាយថា ពួកគេបានត្រួតពិនិត្យគ្រប់យ៉ាងនៅក្នុងរបៀបវារៈរបស់ពួកគេ ហើយបានកំណត់ចំណុចមួយចំនួនដែលអាចឈានដល់ការយល់ព្រមជារួម។ ក្នុងពេលជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែនក៏កំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោកខាងលិច ដោយប្រធានាធិបតីលោក Volodymyr Zelenskyy បានស្នើឱ្យសហភាពអឺរ៉ុបទទួលស្គាល់អ៊ុយក្រែនជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៅទីក្រុងមូស្គូបានប្រុងជើងចំពោះទំនាក់ទំនងជិតស្និទ្ធរវាងអ៊ុយក្រែន និងអឺរ៉ុប។ ពួកគេបានទាមទារការធានាពីអ៊ុយក្រែនថា ខ្លួននឹងមិនចូលរួមជាមួយណាតូ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






