តំបន់ដីសើម «ស្នួលស្ទឹងសែន» ដែលសម្បូរព្រៃលិចទឹក និងមានសត្វស្លាបទឹកដ៏កម្រ ត្រូវបានក្រសួងបរិស្ថានបញ្ជូលជាតំបន់រ៉ាមសារ
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជា “តំបន់ដីសើមដ៏មានសារៈសំខាន់” ត្រូវបានទទួលស្គាល់ជាអន្ដរជាតិថាជា “តំបន់រ៉ាមសារ”។
ដោយតំបន់ស្នូលស្ទឹងសែននៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានក្រឡាផ្ទៃសរុប ៩ ២៩៣ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដីសើម មានសារសំខាន់ជាអន្ដរជាតិ ហៅកាត់ថា «តំបន់រ៉ាមសារ» ដែលទទួលស្គាល់ដោយអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ ព្រៃគុម្ភោត និងវាលស្មៅ ក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារៈសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួក សត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទ ផ្សេងទៀត។
គួរបញ្ជាក់ផងដែលថាកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩ និងបានដាក់បញ្ជូលតំបន់ដីសើម ជាតំបន់រ៉ាមសារចំនួន៤ មានដូចជា៖ តំបន់រ៉ាមសារបឹងឆ្មារ, តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមស្ទឹងត្រែង, តំបន់រ៉ាមសារព្រែកទាល់។ ក្នុងការដាក់បញ្ជូលតំបន់ដីសើម ឲ្យក្លាយជាតំបន់រ៉ាមសារ ត្រូវមានលក្ខណៈវិនិច្ឆ័យផ្អែកទៅលើ មុខងារអេកូឡូស៊ី កត្តាជីវៈចម្រុះ តម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់តំបន់នោះ៕
រូបភាព៖ Porchhay Taing



អត្ថបទ៖ ណារ៉ែន







