ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងចំណាយថវិការ១៥លានដុល្លារ ដើម្បីធ្វើផ្លូវខេត្តសៀមរាបឲ្យស្អាតភ្លឹងតែម្តង
ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួងស្តីពីការងារជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅនៅ សាលាខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងអាជ្ញាធរអប្សរាផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សារកនីតិវិធីក្នុងការស្តារផ្លូវថ្នល់ ដែលខូចខាតទ្រុឌទ្រោមដោយកត្តា ផ្សេងៗ ពិសេស ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានាឱ្យការគ្រប់គ្រងផ្លូវថ្នល់មាន ប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យមន្ទីរ និងភាគីពាក់ព័ន្ធកែសម្រួលនីតិវិធីជួសជុលផ្លូវ ដើម្បីស្តារ កសាង និងជួសជុលថែទាំបណ្តាញផ្លូវថ្នល់នានាឱ្យបានល្អជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងបានសំណូមពរឱ្យធ្វើរបាយការណ៍រួមមួយដាក់ជូនរាជរដ្ឋាភិបាលស្នើសុំថវិកា ប្រមាណ១៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ ១១ខ្សែទៀតក្នុងខេត្តសៀមរាប ឱ្យបានឆាប់តាមដែលធ្វើទៅបាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដាក់ឱ្យដំណើរការ Road Care App នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយនៃផែនការ ១០០ថ្ងៃ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះថតយករូបភាព ផ្លូវខូច ឬជង្ហុកសំបុកមាន់ ហើយបញ្ជូនរូបភាពនោះទៅកាន់មន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់មកតាមរយៈរូបភាពនោះ មន្ត្រីពាក់ព័ន្ធអាចដឹងពីទីតាំងពិតប្រាកដ ហើយធ្វើការជួសជុល បានទាន់ពេលវេលា ដើម្បីបង្ការកុំឱ្យខូចរាលដាលកាន់តែធំ។
ជាមួយគ្នានេះផងដែរ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែមាន ប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពដាក់បញ្ចូលក្រសួងអភិវឌ្ឍន៍ជនបទជា សមាជិកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបាន ផ្តល់ជញ្ជីងចល័តចំនួនពីរគ្រឿងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាបឱ្យមានការរីកចម្រើនផងដែរ ដើម្បីផ្លាស់ប្តូរមុខមាត់ខេត្តនេះឱ្យ ស័ក្តិសមជាខេត្តទាក់ទាញទេសចរណ៍មួយយ៉ាងសំខាន់៕


អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន