អន្តរជាតិ

សហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំង Pfizer នឹងបាត់បង់ប្រសិទ្ធភាពយ៉ាងឆាប់រហ័ស នៅក្នុងចំណោមកុមារអាយុពី ៥ ទៅ ១១ឆ្នាំ

BY
autoadmin
March 2, 2022

អាជ្ញាធរសុខាភិបាលក្នុងរដ្ឋញូវយ៉ករបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយ ដែលបង្ហាញពីការបាត់បង់សមត្ថភាពរបស់វ៉ាក់សាំង Pfizer យ៉ាងឆាប់រហ័ស ចំពោះកុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ ក្នុងការការពារពីជំងឺ COVID-19 ។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋ ក៏បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃចន្ទ ស្តីពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ក្នុងការការពារការឆ្លងមេរោគ និងការចូលមន្ទីរពេទ្យក្នុងចំណោមកុមារដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំផងដែរ។

របាយការណ៍បង្ហាញថា ការការពាររបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ក្នុងចំណោមកុមារ ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ បានធ្លាក់ចុះដល់ ៥១% នៅចុងខែមករា ចុះពី ៦៦% នៅពាក់កណ្តាលខែធ្នូ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ។ ប៉ុន្តែប្រសិទ្ធភាពរបស់វាក្នុងចំនោមក្មេងអាយុពី ៥ ទៅ ១១ឆ្នាំ បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ ដោយធ្លាក់ចុះពី ៦៨% ទៅ ១២%។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការថយចុះក្នុងចំណោមកុមារតូចៗ អាចបណ្តាលមកពីការពិតដែលថា ពួកគេទទួលបានកម្រិតថ្នាំតែ ១ ភាគ ៣ ធៀបនឹងកុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំ ឡើងទៅ។

គិតត្រឹមចុងខែមករា ប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ប្រឆាំងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានរកឃើញថាមាន ៧៣% សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ និង ៤៨% សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ។ អ្នកស្រាវជ្រាវនិយាយថា ពួកគេមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីផ្តល់ការវិភាគត្រឹមត្រូវទេ ពីព្រោះកុមារមិនច្រើនទេ ដែលវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ ទោះបីជាលទ្ធផលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយភាគីទី៣ ក៏ដោយ អ្នកជំនាញនិយាយថា ពួកគេកំពុងគូសបញ្ជាក់ពីតម្រូវការ លើការសិក្សាការប្រើប្រាស់ថ្នាំជំនួស សម្រាប់កុមារ ក៏ដូចជាការចាក់ដូសជំរុញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: