មនុស្សទាំង ៥នាក់ ដែលនៅលើទូកជាមួយតារាសម្តែង Nida Patcharaveerapong ហៅ Tangmo នឹងត្រូវជាប់ទោសទាំងអស់
- BY
- autoadmin
- March 3, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មនុស្សទាំង ៥នាក់ ដែលនៅលើទូកល្បឿនលឿន ជាមួយតារាសម្តែង Nida Patcharaveerapong ហៅ Tangmo នៅអំឡុងពេលដែលនាងធ្លាក់ពីលើទូកស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទំនងជាប្រឈមមុខនឹងការចោទប្រកាន់ទាំងអស់ ពីបទធ្វេសប្រហែសដែលឈានទៅដល់ការស្លាប់ និងផ្តល់សេចក្តីថ្លែងការណ៍មិនពិតដល់ប៉ូលីស។ អ្នកទាំង ៥នាក់ មានដូចជា៖ Idsarin Juthasuksawat ហៅ Gatick ដែលអ្នកគ្រប់គ្រង, Wisapat Manomairat ហៅក្រៅ Sand, Nitas Kiratisoothisathorn ហៅក្រៅ Job, Tanupat Lerttaweewit ហៅក្រៅ Por ដែលជាម្ចាស់ទូក និង Phaiboon Trikanjananun ហៅក្រៅ Robert។

លោក Tanupat និងលោក Phaiboon ក៏ត្រូវបានចោទប្រកាន់រួចហើយ ពីបទប្រតិបត្តិការកប៉ាល់គ្មានអាជ្ញាប័ណ្ណ និងការធ្វេសប្រហែសនាំឱ្យមានការស្លាប់។ ភ័ស្តុតាងថ្មីមួយទៀតក៏បានលេចចេញឡើង នៅពេលដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (TCSD) តាមដានទូរស័ព្ទរបស់លោក Tanupat ហើយបានរកឃើញថា គាត់បានសារភាពកំហុសទៅកាន់មនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើនដែលគាត់បាននិយាយទូរស័ព្ទជាមួយ ថាលោក Phaiboon គឺជាអ្នកបើកទូកនៅពេលដែល Tangmo បានធ្លាក់ទឹក។
ប្រភពបាននិយាយថា ដោយសារតែ Phaiboon មិនមានបទពិសោធន៍ក្នុងការបើកទូក លោកបានបាត់បង់ការគ្រប់គ្រងលើទូក ដែលបានជំរុញឱ្យនាង Tangmo ដែលនៅខាងក្រោយទូក ត្រូវចាប់កាន់នាង Wisapat ព្រោះខ្លាចធ្លាក់ទឹក។ ប៉ុន្តែដោយសារនាង Wisapat ខ្លាចធ្លាក់ទឹកទៅជាមួយ នាងក៏ក្រវៀសជើងចេញដែលធ្វើឱ្យនាង Tangmo ធ្លាក់ចូលទឹក និងមុតជាមួយស្លាបកង្ហាររបស់ទូក ដែលធ្វើឱ្យ Tangmo មានរបួសលើជើង។ ឥឡូវនេះប៉ូលីសអាចត្រឹមនិយាយថា Tangmo ស្លាប់ដោយសារការលង់ទឹក ប៉ុន្តែដោយសារអ្វី ឬមានអ្នកធ្វើឱ្យនាងលង់ទឹក គឺត្រូវការពេលវេលាដើម្បីស៊ើបអង្កេតបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






