អន្តរជាតិ

ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ីម្នាក់បានបាត់បង់ជីវិត ក្រោយត្រូវក្រុម Sniper អ៊ុយក្រែនវាយប្រហារ

BY
autoadmin
March 4, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ ត្រូវបាន Sniper របស់អ៊ុយក្រែនលបបាញ់សម្លាប់ ដែលជាការឆ្លើយតបយ៉ាងចាស់ដៃចំពោះការលុកលុយរបស់រុស្ស៊ី។ លោក Andrey Sukhovetsky គឺជាឧត្តមសេនីយ៍ទោនៃកងទ័ពអាវុធចម្រុះទី៤១ នៃស្រុកយោធាកណ្តាលរបស់ប្រទេសរុស្ស៊ី។ លោក​បាន​ស្លាប់​កាល​ពី​ពេលថ្មីៗនេះ នៅពេលដែលជន​ជាតិ​អ៊ុយក្រែនតស៊ូប្រឆាំងនឹង​ការ​វាយ​លុក​របស់​រុស្ស៊ី។ រុស្ស៊ី​មិន​បាន​បញ្ជាក់​ពី​មរណភាព​របស់ Sukhovetsky ទេ ប៉ុន្តែសហសេវិករបស់គាត់ម្នាក់ គឺលោក Sergey Chipilyov ជាអ្នកបញ្ជាក់ការស្លាប់នេះ។

ប្រភពយោធាមួយបានបញ្ជាក់ថា គាត់ត្រូវបានសម្លាប់ដោយអ្នកលបបាញ់ (Sniper) ហើយពិធីបុណ្យសពរបស់គាត់ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីការបដិសេធជាច្រើនថ្ងៃ វិមានក្រឹមឡាំងកាលពីម្សិលមិញបានទទួលស្គាល់ថា  ទាហានរបស់ខ្លួនចំនួន ៤៩៨នាក់ ត្រូវបានសម្លាប់ និង ១,៦០០ នាក់ បានរងរបួសនៅក្នុងអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែតួលេខពិតគឺខ្ពស់ជាងនេះ។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានអះអាងកាលពីម្សិលមិញថា កងទ័ពរបស់រុស្ស៊ីបានស្លាប់ និងរបួសចំនួន ៩,០០០ នាក់ ទោះបីជាសេចក្តីថ្លែងការណ៍បានទទួលស្គាល់ថា ការគណនាចំនួនអ្នកស្លាប់មានភាពស្មុគស្មាញដោយសារអរិភាពខ្ពស់ក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: