អន្តរជាតិ

McDonald’s ប្រកាសបិទហាងជាង ៨០០កន្លែង ដែលមានតម្លៃ ២.៧៥ ពាន់លានដុល្លារ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី

BY
autoadmin
March 9, 2022

McDonald’s បានប្រកាសថា ខ្លួននឹងបិទហាងរបស់ខ្លួនចំនួន ៨៥០ កន្លែង នៅក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែក្រុមហ៊ុនប៊ឺហ្គឺយក្សនេះបាននិយាយថា ខ្លួននឹងបន្តផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួនចំនួន ៦២,០០០ នាក់ នៅក្នុងប្រទេសរុស្ស៊ី ដែលធ្វើការឱ្យ McDonald’s នៅទីនោះ។ នៅក្នុងលិខិតចំហទៅកាន់និយោជិតរបស់ខ្លួន លោក Chris Kempczinski ដែលជាប្រធាន និងជានាយកប្រតិបត្តិ McDonald’s បាននិយាយថា ការបិទហាងទាំងនោះនៅពេលនេះ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។

លោក Kempczinski បាននិយាយថា៖«តម្លៃរបស់យើងមានន័យថា យើងមិនអាចព្រងើយកន្តើយចំពោះការឈឺចាប់របស់មនុស្សនៅក្នុងប្រទេសអ៊ុយក្រែនបានឡើយ»។ លោកបាននិយាយថា លោកមិនប្រាកដថា នៅពេលណាដែលក្រុមហ៊ុននឹងអាចបើកហាងរបស់ខ្លួនឡើងវិញបានទេ។ ជម្រាបដែរថា McDonald’s បានបើកហាងដំបូងនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ១៩៩០ នៅឯទីលាន Pushkin ទីក្រុងមូស្គូ ហើយកាលនោះវាបានបង្ហាញពីការបញ្ចប់នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកុម្មុយនិស្ត ដែលមានលក្ខណៈឯកោនិយមរបស់រុស្ស៊ី និងបានក្លាយជានិមិត្តរូបនៃវប្បធម៌លោកខាងលិចដល់ប្រជាជនរុស្ស៊ី។

McDonald’s ក៏​បាន​បិទ​ភោជនីយដ្ឋានចំនួន ១០៨ កន្លែង ​ជា​បណ្ដោះអាសន្ន​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​បន្ត​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ទាំង​នោះផងដែរ។ McDonald’s អាច​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​បិទ​ទ្វារទាំងអស់នេះ ដោយសារនៅក្នុងឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Chicago បាននិយាយថា ភោជនីយដ្ឋានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានរួមចំណែក ៩% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ឬប្រហែល ២ ពាន់លានដុល្លារអាមេរិក (២.៧៥ ពាន់លានដុល្លារ)៕

អត្ថបទ៖ លីដា
ប្រភព៖ 9 News

Share This Post: