អន្តរជាតិ

លោក Yoon Suk-yeol មកពីគណបក្សអំណាចប្រជាជន បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង

BY
autoadmin
March 10, 2022

លោក Yoon Suk-yeol ដែលជាបេក្ខភាព​នៃ​គណបក្ស​អំណាច​ប្រជាជន (People Power Party) និងជាគណបក្សប្រឆាំងផងនោះ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់ប្រទេស​កូរ៉េខាងត្បូង។ បន្ទាប់​ពី​ការ​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណបក្ស​អភិរក្ស​និយមនេះ នឹង​ដណ្តើម​យក​ការ​គ្រប់​គ្រង​មកវិញ​បន្ទាប់​ពី​ការ​ដឹក​នាំ​របស់គណបក្សសេរី​ អស់រយៈពេល ៥​ ឆ្នាំកន្លងមក។ លោក Yoon បាននិយាយថា៖«ខ្ញុំគិតថាវាជាជ័យជំនះរបស់ពលរដ្ឋដ៏អស្ចារ្យ។ ឥឡូវនេះការប្រកួតបានបញ្ចប់។ ខ្ញុំជឿថា យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នា និងរួបរួមដើម្បីប្រជាជន និងប្រទេសរបស់យើង»។

ជម្រាបដែរថា ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​គឺ​តឹងតែង​តាំង​ពី​ដើម​ដល់​ចប់ ហើយមនុស្សជាច្រើនមានការអន្ទះសារចង់ឃើញលទ្ធផល ប៉ុន្តែលទ្ធផលត្រូវអូសបន្លាយដល់ជិតម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ។ សំឡេងឆ្នោតរបស់គាត់ច្រើនជាងលោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចត្រឹមតែ ១% ប៉ុណ្ណោះ។ សម្ព័ន្ធភាពនៅនាទីចុងក្រោយរបស់ Yoon ជាមួយបេក្ខភាពលោក Ahn Cheol-soo បានជំរុញកម្លាំងបន្ថែមដែលគាត់ត្រូវការ ដើម្បីធានាបានជ័យជំនះនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: