អន្តរជាតិ

រដ្ឋាភិបាលថៃនឹងមិនបន្ថែមថ្ងៃឈប់សម្រាក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននៅខែក្រោយនេះទេ

BY
autoadmin
March 10, 2022

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) ដើម្បីរក្សាចំនួនថ្ងៃបុណ្យសង្ក្រាន្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែការឈប់នោះ ក៏ត្រូវបានបូកបញ្ចូលគ្នាជាមួយនឹងថ្ងៃចុងសប្តាហ៍ នៅថ្ងៃទី១៦-១៧ ខែមេសា ដូច្នេះពិធីបុណ្យសង្ក្រាន្តរបស់ពួកគេនឹងមានរយៈពេល ៥ថ្ងៃ នៅឆ្នាំនេះ។ រំលឹកដែរថា ពីមុនមករដ្ឋាភិបាលថៃធ្លាប់បានប្រកាសពីការឈប់សម្រាកបន្ថែម មុន ឬក្រោយបុណ្យសង្ក្រាន្ត ដើម្បីបង្កើតរយៈពេលឈប់សម្រាកយូរជាងនេះ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ ប៉ុន្តែដោយសារការចម្លងរាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ធ្វើឱ្យពួកគេគិតថាគួរតែកាត់បន្ថយ ដើម្បីជៀសវាងហានិភ័យបន្ថែមទៀត។

លោក Thanakorn បាននិយាយថា៖«ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ រៀបចំសកម្មភាពបុណ្យសង្ក្រាន្ត ក្រោមវិធានការត្រួតពិនិត្យជំងឺយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ COVID-19 មិនឱ្យរីករាលដាលបន្ថែមទៀត។ ក្រសួង​សុខាភិបាល​សាធារណៈ​ក៏បាន​រាយការណ៍​ដែរ​ថា ខ្លួន​បាន​ព្រាង​វិធានការ​បន្ថែម​ដែល​ត្រូវ​អនុវត្ត​ក្នុង​អំឡុង​ពេល​វិស្សមកាល ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​ពី​ជំងឺ»។ លោក Thanakorn បានបន្ថែមថា នៅក្នុងកិច្ចប្រជុំ CCSA លើកក្រោយ ក្រសួងសុខភាពសាធារណៈ ទេសចរណ៍ និងកីឡា និងវប្បធម៌ នឹងពិភាក្សាអំពីវិធានការដើម្បីធានាថា ពួកគេអាចអនុវត្តបាននៅក្នុងសកម្មភាពបុណ្យសង្ក្រាន្តនៅទូទាំងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: