អន្តរជាតិ

កងកម្លាំង​រុស្ស៊ី​ដែលឈរជើងនៅភាគឦសាន បានរំកិលខ្លួនបានជិតដល់រដ្ឋធានី Kyiv ហើយ

BY
autoadmin
March 12, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ BBC បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជួរកងទ័ពរុស្ស៊ីដែលឆ្ពោះទៅមុខ ចេញពីភាគឦសាននៃប្រទេសអ៊ុយក្រែន បានរំកិលទៅជិតដល់រដ្ឋធានី Kyiv ហើយ។ មន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិអាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីកំពុងស្ថិតនៅចម្ងាយប្រហែល ២០ ទៅ ៣០ គីឡូម៉ែត្រ ពីរដ្ឋធានី Kyiv ដោយរំកិលបានប្រមាណពី ១០ ទៅ ២០ គីឡូម៉ែត្រ ក្នុងរយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈ​វាមាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ ​ពី​កណ្តាល​ទីក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

យ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ីឈរជើងនៅភាគពាយ័ព្យប្រទេសអ៊ុយក្រែន ដែលនៅជិតបំផុតនឹងទីក្រុង Kyiv ចម្ងាយប្រហែល  ១៥ គីឡូម៉ែត្រ ពីកណ្តាលទីក្រុងនោះ មិនបានផ្លាស់ប្តូរទៅជិតទៀតទេចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែខ្សែ​ការពារ​ជួរក្រោយ ដែលឈរជើងនៅភាគពាយ័ព្យ ​បាន​មានសកម្មភាព ​ហើយ​ឥឡូវ​ក៏ខិត​ជិតដល់តំបន់សំខាន់ផងដែរ។ មន្ត្រីរូបនោះបានកត់សម្គាល់ថា ទាហានរុស្ស៊ីផ្សេងទៀតដែលផ្លាស់ទីពីភាគខាងជើងនៅតែស្ថិតក្នុង និងជុំវិញទីក្រុងភាគខាងជើងនៃ Chernihiv ហើយថា ទីក្រុងនេះទំនងជានៅដាច់ដោយឡែក និងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។ ជម្រាបដែរថា កងកម្លាំងរុស្ស៊ីត្រូវបានគេជឿថា បានបាញ់មីស៊ីលសរុបប្រហែល ៨១០ គ្រាប់ ចាប់តាំងពីការចាប់ផ្តើមការលុកលុយដំបូងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: