ប្រទេសថៃកំពុងព្រមានពីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដែលជាប្រភេទបំប្លែងថ្មីមួយទៀត ហើយកំពុងតែឆ្លងខ្លាំងនៅចក្រភពអង់គ្លេស និងហុងកុង
- BY
- autoadmin
- March 14, 2022
លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃបានព្រមានថា អ្នកដំណើរដែលមកពីចក្រភពអង់គ្លេស និងហុងកុង គឺត្រូវតែធ្វើតេស្ដរកជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងប្រភេទថ្មី BA.2.2 ទាំងអស់ ដោយសារមានការកើនឡើងយ៉ាងគំហុកលើការបំប្លែងខ្លួនថ្មីនេះ។ នៅក្នុងការបង្ហោះលើបណ្ដាញ Blockdit កាលពីថ្ងៃសៅរ៍ លោក Chalermchai បាននិយាយថា វ៉ារ្យ៉ង់ BA.2.2 កំពុងមានសន្ទុះឆ្លងនៅទីក្រុងហុងកុង ដែលធ្វើឱ្យការឆ្លងជំងឺ COVID-19 ជាមធ្យមប្រចាំសប្តាហ៍នៅទីក្រុងហុងកុង បានកើនឡើងដល់ ៥,៤២៥ ករណី ក្នុងចំណោមពលរដ្ឋ ១ លាននាក់ បើធៀបនឹង ៣១៥ ករណី ក្នុងចំណោមពលរដ្ឋ ១លាននាក់ នៅក្នុងប្រទេសថៃ។ លោកបាននិយាយថា៖ «ជាមួយគ្នានោះដែរ អត្រាមរណភាពក្នុងរយៈពេល ១សប្ដាហ៍ របស់ទីក្រុងហុងកុងគឺមាន ៣០ ករណី ក្នុងចំណោមពលរដ្ឋ ១ លាននាក់ បើប្រៀបធៀបទៅនឹង ០.៨៥ ករណី នៅក្នុងប្រទេសថៃ»។

លោក Chalermchai បាននិយាយថា៖«ក្រៅពីវ៉ារ្យ៉ង់អូមីក្រុង BA.2.2 ការកើនឡើងនៃករណីជំងឺ COVID-19 របស់ទីក្រុងហុងកុង អាចបណ្តាលមកពីចំនួនអ្នកចាក់វ៉ាក់សាំងទាបផងដែរ»។ លោកក៏បានបញ្ជាក់ដែរថា ជំងឺ COVID-19 អូមីក្រុង BA.2.2 មិនទាន់ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ។ លោកបានសង្កត់ធ្ងន់ថា វ៉ារ្យ៉ង់អូមីក្រុងបច្ចុប្បន្ន ដែលជាប្រភេទលេចធ្លោនៅក្នុងប្រទេសថៃ កំពុងរីករាលដាលលឿនជាងប្រភេទ ដែលតា រហូតដល់ ៤ដង ហើយក៏ធ្លាប់បានផ្លាស់ប្តូរទៅជាប្រភេទបន្ទាប់បន្សំចំនួន ៣ គឺ BA.1, BA.2 និង BA.3 ។ លោកបាននិយាយថា BA.1 និង BA.2 ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ខណៈដែលចំនួនអ្នកជំងឺដែលឆ្លង BA.2 ទំនងជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា ការប្រែប្រួលនៃមេរោគតែងកើតឡើងជាទូទៅ នៅក្នុងតំបន់ដែលមានការឆ្លងមេរោគ COVID-19 ច្រើន៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






