ថ្មីទៀតហើយ! មេរោគកូវីដ១៩ កូនកាត់ «Delta» និង «Omicron» កំពុងបង្ហាញខ្លួននៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក
- BY
- autoadmin
- March 14, 2022
ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានបញ្ជាក់ពីវត្តមានដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ក្រៅផ្លូវការ Deltacron ដែលជាការបំប្លែងខ្លួនថ្មីមួយទៀត នៃការរួមបញ្ចូលគ្នារវាង អូមីក្រុង និង ដែលតា ហើយវាក៏កំពុងចម្លងរាលដាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ វ៉ារ្យ៉ង់កូនកាត់ថ្មីនេះ ត្រូវបានបញ្ជាក់តាមរយៈលំដាប់ហ្សែន (genome) ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន IHU Méditerranée Infection ក្នុងទីក្រុង Marseille របស់ប្រទេសបារាំង ខណៈកំពុងមានការរីករាលដាល នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសបារាំងផងដែរ នេះបើយោងតាមទិន្នន័យព្រាង ដែលបង្ហោះលើវេបសាយវិទ្យាសាស្ត្រសុខាភិបាល medRxiv កាលពីថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។ វ៉ារ្យ៉ង់ Deltacron ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក និងហូឡង់ និងចក្រភពអង់គ្លេស។

វ៉ារ្យ៉ង់កូនកាត់ Deltacron គឺកើតឡើងតាមរយៈដំណើរការផ្សំឡើងវិញ នៅពេលដែលវ៉ារ្យ៉ង់ ២ នៃមេរោគតែមួយ ចម្លងទៅអ្នកជំងឺក្នុងពេលដំណាលគ្នា ដោយមានការផ្លាស់ប្តូរហ្សែន ដើម្បីប្រែក្លាយជាប្រភេទថ្មីមួយទៀត។ អ្នកវិទ្យាសាស្ត្របាននិយាយថា គ្រឹះរបស់ Deltacron គឺវ៉ារ្យ៉ង់ដែលតា ខណៈដែល spike protein របស់វាបានមកពីវ៉ារ្យ៉ង់អូមីក្រុង។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក បានបញ្ជាក់ដែរថា ការបំប្លែងចូលគ្នាបែបនេះ អាចកើតមានទៅបានទាំងនៅក្នុងខ្លួនមនុស្ស និងសត្វ ខណៈដែលជំងឺ COVID-19 នឹងប្រែប្រួលទៅតាមពេលវេលា ហើយការសិក្សាបន្ថែមទៀត គឺជារឿងចាំបាច់ដើម្បីកំណត់អត្តសញ្ញាណនៃមេរោគ។ ជម្រាបដែរថា វ៉ារ្យ៉ង់ Deltacron ត្រូវបានគេជឿថា បានចរាចរចាប់តាំងពីខែមករា ដើមឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ GISAID ៕


អត្ថបទ៖ លីដា
ប្រភព៖ Live Science
- Share This Post:






