គិតមកទល់ពេលនេះ មានបាតុករប្រឆាំងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រហូតដល់ទៅជាង ១៤,០០០ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី
- BY
- autoadmin
- March 14, 2022
ពលរដ្ឋជាង ៧៥០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងជាច្រើនទូទាំងប្រទេសរុស្ស៊ី ចំពោះការតវ៉ាប្រឆាំងនឹងការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់ខ្លួនបានឈានចូលសប្ដាហ៍ទី៣ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ ក្រុមឃ្លាំមើលឯករាជ្យ OVD-Info បាននិយាយថា ប៉ូលីសបានចាប់ខ្លួនពលរដ្ឋយ៉ាងហោចណាស់ចំនួន ៧៥៦ នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងចំនួន ៣៧ ទូទាំងប្រទេសរុស្ស៊ី ហើយពាក់កណ្តាលនៃពួកគេគឺនៅក្នុងរដ្ឋធានីម៉ូស្គូ។ ក្រុមឃ្លាំមើលបានរាយការណ៍ថា ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានទាំងផ្លូវទឹក ដី និងអាកាស របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មានមនុស្សរហូតដល់ទៅជាង ១៤,០០០ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងសង្គ្រាម ហើយក្នុងនោះមានមនុស្សជាង ១៧០នាក់ ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។

គួរឱ្យដឹងដែរថា វិមានក្រឹមឡាំងបានអនុម័តច្បាប់ថ្មីមួយ ដែលបានចូលជាធរមានកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដែលនឹងផ្ដល់ទោសឧក្រិដ្ឋ ចំពោះការរាយការណ៍អំពីសង្គ្រាមឯករាជ្យ និងការតវ៉ាប្រឆាំងនឹងសង្រ្គាម ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ ដូច្នេះវាពិបាកណាស់សម្រាប់មនុស្សដែលធ្វើការតវ៉ានៅតាមដងផ្លូវ ខណៈកាលពីចុងសប្តាហ៍មុន ប៉ូលីសក៏បានចាប់ខ្លួនបាតុករជាង ៥,០០០ នាក់ នៅទូទាំងប្រទេសរុស្ស៊ីផងដែរ។ ប៉ូលីសបង្រ្កាបកុបកម្មមួយចំនួន បានពាក់មួយសុវត្ថិភាពមានអក្សរ «Z» ដែលដូចគ្នាទៅនឹងអ្វីដែលគេឃើញនៅលើរថក្រោះរុស្ស៊ី ដែលបញ្ជូនទៅប្រទេសអ៊ុយក្រែន ហើយវាមានន័យថាជា «ប្រតិបត្តិការពិសេស» របស់ប្រទេសរុស្ស៊ី៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






