អន្តរជាតិ

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជូនទិដ្ឋាការរយៈពេល ១ឆ្នាំ ដល់ជនជាតិអ៊ុយក្រែន ដែលរត់ភៀសខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

BY
autoadmin
March 15, 2022

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជូនជនជាតិអ៊ុយក្រែនដែលមកប្រទេសជប៉ុន នូវជម្រើសនៃការទទួលបានទិដ្ឋាការរយៈពេល ១ឆ្នាំ ដែលនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើការនៅប្រទេសជប៉ុនបាន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេមានគម្រោងទទួលយកយ៉ាងសកម្ម រាល់ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជម្រាបផងដែរថា ជនជាតិអ៊ុយក្រែនប្រមាណ ៤៧នាក់ បានមកដល់ប្រទេសជប៉ុនគិតត្រឹមថ្ងៃអាទិត្យ ហើយពួកគេក៏បានទទួលទិដ្ឋាការរយៈពេលខ្លី ៩០ថ្ងៃ រួចហើយដែរ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Furukawa Yoshihisa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រជាជនអ៊ុយក្រែនអាចទទួលយកការផ្ដល់ជូននេះ ដោយវាអនុញ្ញាតឱ្យពួកគេរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុនរហូតដល់ ១ឆ្នាំ។ លោក Furukawa បាននិយាយថា ក្រសួងរបស់គាត់ក៏នឹងចាប់ផ្តើមក្រុមការងារដែលដឹកនាំដោយអនុរដ្ឋមន្ត្រីរដ្ឋបាល ដើម្បីផ្តល់ការគាំទ្រចាំបាច់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងមូលគួរតែផ្តល់ជំនួយទូលំទូលាយ ដែលបំពេញតម្រូវការជាក់លាក់របស់បុគ្គលម្នាក់ៗ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: