រដ្ឋាភិបាលចិនជ្រើសយុវជនជាពិសេសឲ្យចូលរួមកម្មវិធីអភិវឌ្ឍន៍អាវុធទំនើបបញ្ជាដោយបច្ចេកវិទ្យា AI
ចិន៖ សិស្សវិទ្យាល័យចិនចំនួន ៣១ នាក់ត្រូវបានរដ្ឋាភិបាលចិនជ្រើសជាពិសេស ដើម្បីឲ្យពួកគេបានចូលរួមកម្មវិធីអភិវឌ្ឍន៍អាវុធទំនើបបញ្ជាដោយបច្ចេកវិទ្យា AI (Artificial Intelligence)។ កម្មវិធីអភិវឌ្ឍន៍អាវុធទំនើបនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិរបស់ចិនដែលមានឈ្មោះថា The Beijing Institute of Technology និងមានរយៈពេលសិក្សារហូតដល់ទៅ ៤ ឆ្នាំ។ ប្រធានវិទ្យាស្ថានខាងលើបានប្រាប់ថា ដើម្បីចូលរួមកម្មវិធីអភិវឌ្ឍន៍អាវុធទំនើបនេះ ទាមទាឲ្យសិស្សទាំងអស់ត្រូវមាន IQ និងមានគំនិតច្នៃប្រឌិតខ្ពស់ តួយ៉ាងដូចជាក្នុងការជ្រើសនេះអីចឹង គឺនៅក្នុងចំនោមសិស្សឆ្នើមៗ និងមានអាយុក្រោម ១៨ ឆ្នាំ ចំនួន ៥០០០ នាក់ គេអាចជ្រើសរើសបានត្រឹមតែ ៣១ នាក់ប៉ុណ្ណោះ ក្នុងនោះមានសិស្សប្រុស ២៧ នាក់និងសិស្សស្រី ៤ នាក់។
សិស្សទាំងអស់នេះនឹងត្រូវបានបណ្តុះបណ្តាល និងណែនាំដោយបណ្ឌិត និងអ្នកវិទ្យាសាស្រ្តផ្នែកបង្កើតអាវុធចិនដែលមានបទពិសោធណ៍ល្អៗជាច្រើននាក់ ចាប់តាំងពីឆ្នាំ ១ រហូតដល់ឆ្នាំទី ៤។ ហើយគេជឿថា ក្រោយបញ្ចប់កម្មវិធីសិក្សាមួយនេះ ពួកគេនឹងក្លាយជាធនធានដ៏អស្ចារ្យរបស់ចិន ក្នុងការអភិវឌ្ឍន៍អាវុធទំនើបៗ ដើម្បីប្រជែងជាមួយនឹងអាមេរិក និងសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមបែបទំនើបផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ rt