ក្រុមហ៊ុនឱសថអាមេរិក Pfizer កំពុងស្នើសុំឱ្យមានការអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងទី៤ សម្រាប់មនុស្សចំណាស់អាយុ ៦៥ ឆ្នាំឡើងទៅ
- BY
- autoadmin
- March 16, 2022
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កំពុងស្នើសុំឱ្យមានការអនុញ្ញាត «ការប្រើប្រាស់ជាបន្ទាន់» លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញទី២ ដែលត្រូវជាវ៉ាក់សាំងលើកទី៤ ចំពោះមនុស្សចំណាស់អាយុ ៦៥ ឆ្នាំឡើងទៅ ហើយក្រុមហ៊ុនក៏បានបញ្ជូនពាក្យសុំទៅរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិករួចហើយដែរ។ ក្រុមហ៊ុន Pfizer បាននិយាយថា ការវិភាគទៅលើវ៉ាក់សាំងដូសទី៤ ដែលដាក់ចេញឱ្យប្រើប្រាស់នៅក្នុងប្រទេសអ៉ីស្រាអែល ចំពោះមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំ នៅក្នុងអំឡុងពេលមានការផ្ទុះឡើងនៃវ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញថា អត្រានៃជំងឺធ្ងន់ធ្ងរគឺទាបជាង បើប្រៀបនឹងបុគ្គលដែលទទួលបានដូសជំរុញទី១ ពីមុន។

ក្រុមហ៊ុនក៏បានលើកឡើងពីការសិក្សាមួយផ្សេងទៀតដែលបង្ហាញថា អង្គបដិប្រាណបានកើនឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី៤ ហើយដូសជំរុញទាំង២ គឺវាចាំបាច់បំផុត ដើម្បីធានាថា បុគ្គលម្នាក់ៗនឹងទទួលបានការពារឱ្យបានគ្រប់គ្រាន់។ រំលឹកដែរថា ការចាក់វ៉ាក់សាំងលើកទី៣ (ដូសជំរុញទី១) របស់ Pfizer-BioNTech ត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់។ ប៉ុន្តែអ្នកជំនាញបានចង្អុលបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងអាចថយចុះទៅតាមពេលវេលា ដូច្នេះវានឹងមានដូសជំរុញបន្ថែមជាបន្ដបន្ទាប់។ ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមានលោក Anthony Fauci បាននិយាយថា តម្រូវការដូសជំរុញថ្មីមួយទៀតកំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើវាចាំបាច់មែននោះ ពួកគេនឹងធ្វើបច្ចុប្បន្នភាពយោងទៅតាមទិន្នន័យ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






